(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៣នាក់ថែមទៀត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកជំងឺ២០នាក់ ជាអ្នកមានទំនាក់ទំនងគ្នាជាមួយឈ្មោះ អ៊ូ សេង ឈ្មោះ ឃៀន សុឃី និងឈ្មោះ ភន់ សុភា ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ ករណីនេះ ជាករណីឆ្លងក្នុងសហគមន៍ ហើយក្រុមការងារពុំទាន់សន្និដ្ឋានកំណត់មុខសញ្ញាពីប្រភពចម្លងនៅឡើយ។
ចំពោះអ្នកជំងឺពីរនាក់ គឺជាករណីសង្ស័យ ហើយក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងម្នាក់ទៀត ក្រុមការងារកំពុងស្រាវជ្រាវរកប្រភព។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥៩នាក់។ ក្នុងនោះបានព្យាបាលជាសះស្បេីយចំនួន៨០នាក់ ស្លាប់២នាក់ និង៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕