(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៦នាក់ ដែលទើបរកឃើញថ្មី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ មាននៅក្រុងព្រៃវែង, ស្រុកពារាំង, ស្រុកបាភ្នំ, ស្រុកព្រះស្ដេច, ស្រុកពាមជរ, ស្រុកស្វាយអន្ទរ, ស្រុកពោធិ៍រៀង និងស្រុកពារាំង។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្ដព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៥៣នាក់, កំពុងសម្រាកព្យាបាលចំនួន៣៨៩នាក់ និងស្លាប់៧នាក់៕