(ភ្នំពេញ)៖ ម៉ាហ្កាវ៉ា (Magawa) កណ្តុរហិតមីនកម្ពុជាដំបូងបង្អស់ ដែលទទួលបានមេដាយមាសពីអង់គ្លេស បានចូលនិវត្តន៍ហើយ ដោយសារវ័យកាន់តែចាស់ ក្រោយបំពេញការងារអស់រយៈពេល ៥ឆ្នាំ។ នេះបើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ថ្លែងប្រាប់ Fresh News នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
ក្នុងរយៈពេល ៥ឆ្នាំ ម៉ាហ្កាវ៉ា បានជួយរួមចំណែករុករកគ្រាប់មីនលើដី ៧១ទីតាំង និងរំដោះបានគ្រាប់មិនទាន់ផ្ទុះរាប់ពាន់គ្រាប់ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ម៉ាឡែន ជាអ្នកមើលថែ បាននិយាយថា កណ្តុរយក្សមកពីអាហ្វ្រិក ដែលមានអាយុ ៧ឆ្នាំមួយនេះ «ថមថយកម្លាំងហើយ» ដោយសារឈានចូលវ័យជរា ហើយនាងចង់ផ្តល់ការគោរពនូវអ្វី ដែលកណ្តុរនោះត្រូវតែបាន។ នេះយោងតាមការចុះផ្សាយរបស់ BBC។
ម៉ាហ្កាវ៉ា ត្រូវបានហ្វឹកហាត់ដោយ ក្រុមអ្នកជំនាញស្ម័គ្រចិត្តបែលហ្ស៉ិក គឺអង្គការ APOPOដែលមានមូលដ្ឋាននៅប្រទេសតង់ហ្សានី។ សត្វកកេរខាងលើ ត្រូវបានប្រសិទ្ធនាមថាជា វីរបុរសកណ្តុរ (HeroRATs) ក្រោមជំនាញដ៏អស្ចារ្យរបស់គេ ក្រោយការហ្វឹកហាត់ត្រឹមតែ១ឆ្នាំ។
ម៉ាហ្កាវ៉ា បានមកជួយប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ ហើយបេសកកម្មដ៏គ្រោះថ្នាក់របស់គេ ស្ថិតនៅខេត្តដែលពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដូចជា សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ក្រោមការមើលថែរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)។
លោក ហេង រតនា បញ្ជាក់បន្ថែមថា «កណ្តុរ Magawa នេះ ត្រូវដាក់ឱ្យចូលនិវត្តន៍ហេីយ ក្រោយពីបម្រើការងារប្រមាណ ៧ឆ្នាំមក (៥ឆ្នាំនៅកម្ពុជា)។ កណ្តុរថ្មីបានធ្វេីតេស្តជាប់ និងអាចចូលជំនួសបានហេីយ»។
គួរជម្រាបថា កាលពីចុងខែកញ្ញា ឆ្នាំ២០២០ ម៉ាហ្កាវ៉ា បានទទួលមេដាយមាសការងារ ពីអង្គការសប្បុរសធម៌សត្វព្រៃ នៃប្រទេសអង់គ្លេស (PDSA)។
សម្រាប់ការប្រើប្រាស់សត្វកណ្តុរ និងសុនខហិតមីន ត្រូវមន្ត្រីជាន់ខ្ពស់ក្នុងវិស័យដោះមីន អះអាងថា កម្ពុជាជាប្រទេសឈានមុខគេលើពិភពលោក។
លោក ហេង រតនា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា អង្គភាពស៊ីម៉ាក់ បាននាំមុខគេក្នុងពិភពលោក ក្នុងការប្រើប្រាស់សត្វកណ្តុរ និង សត្វសុនខហិតមីន ដោយក្នុងនោះអង្គភាពបានសហការយ៉ាងជិតសិ្នទ្ធជាមួយដៃគូជាអង្គភាពដោះមីនអន្តរជាតិ រួមមាន APOPO មកពីប្រទេសប៊ែលស្ស៊ិក និងអង្គការ NPA មកពីប្រទេសន័រវេស្ស៕