(ពោធិ៍សាត់)៖ ដេីម្បីជួយឱ្យការរស់នៅរបស់អតីតយុទ្ធជនលេីទឹកដីថ្មីក្នុងភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសាងសង់សាលារៀន និងមណ្ឌលសុខភាពនៅលើដីភូមិនេះ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានបន្តធ្វើដំណើរចុះទៅពិនិត្យ និងសិក្សាជាមួយលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងនាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា ដើម្បីជាកិច្ចតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលជាអ្នកបានធ្វើពលិកម្មដ៏ធំធេងដេីម្បីបុព្វហេតុជាតិ និងមាតុភូមិនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផងដែរនោះ បានសម្រេចផ្តល់ដីសម្បទានជាង៩០០ហិកតា ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍ ដើម្បីការបង្កបង្កើនផល និងសង់លំនៅឋាន។ ភូមិឋានថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង»។ ភូមិនេះជាការយកតាមនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាអ្នករ៉ាបប់រងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជននៅតំបន់នោះ តាមរយៈថវិកាសម្បុរសជននានា ដែលអាណិតស្រឡាញ់អតីតយុទ្ធជន។
បច្ចុប្បន្នផ្ទះអតីតយុទ្ធជនប្រមាណជា ៨០ខ្នង ក្នុងចំណោមជាង៦០០ខ្នង បានសាងសង់រួចរាល់ និងអនុញ្ញាតឱ្យអតីតយុទ្ធជនចូលរស់នៅជាបណ្តើរៗហើយ។
លើផ្ទៃដីដែលសាងសង់ផ្ទះរួចរាល់ចំនួន ៨០ខ្នងនេះ លោក ម៉ៅ ធនិន្ទ បានយកកម្លាំងកងទ័ពក្នុងខេត្ត ចុះជួយរៀបចំរបងផ្ទះ ឈូសឆាយដីដាំដំណាំហូបផ្លែដូចជាស្វាយ ដូង និងក្រូច ជូនដល់អតីតយុទ្ធជន។ ក្រៅពីនោះ ក៏មានការឈូសឆាយដីរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ធ្វើបង្គន់ និងជីកអណ្តូងទឹកជាដើម។
បើតាមលោក ម៉ៅ ធនិន្ទ នៅតាមផ្ទះរបស់អតីតយុទ្ធជននីមួយៗ នឹងត្រូវបំពាក់ផ្ទាំងសូឡា ទាញយកថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះថែមទៀតផង។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការរៀបចំផ្ទះសម្បែងនេះ គឺរៀបចំឱ្យដូចផ្ទះប្រជាពលរដ្ឋទូទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ការងាររស់នៅរបស់អតីត យុទ្ធជនដែលជាអ្នកមានគុណបំណាច់សម្រាប់ជាតិ។ បើតាមលោក ម៉ៅ ធនិន្ទ ការយកចិត្តទុកដាក់លើការរៀបចំផ្ទះសម្បែង និងការដាំដុះនេះ គឺជាការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
បើទោះបីជាទីតាំងលំនៅថ្មី ដែលជាជម្រកជាទីកក់ក្តៅរបស់អតីតយុទ្ធជនក្នុងភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ មិនទាន់រៀបចំរួចរាល់ជាស្ថាពរក្តី តែក៏មានគ្រួសារអតីតយុទ្ធជន បានចូលមករស់នៅបណ្តើរៗហើយ។ ជាមួយការចូលមករស់នៅក្នុងលំនៅឋានថ្មី ពួកគេក៏ចាប់រៀបចំផ្ទះសម្បែង និងដាំដុះដំណាំផ្សេងៗ លើដីមានអំណោយផលខ្ពស់លើវិស័យកសិកម្មនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារអតីតយុទ្ធជននេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីយុទ្ធជន។
អតីតយុទ្ធជនដែលសុទ្ធសឹងជាអ្នកមានការខ្វះខាត ហើយមានពិការភាពផងនោះ បានបង្ហាញនូវក្តីរីករាយ និងរំភើបក្នុងចិត្តក្រៃលែងនៅពេលទទួលបានដី សម្រាប់បង្កបង្កេីនផល និងផ្ទះសម្រាប់ស្នាក់នៅសមរម្យក្នុងជីវិត។ ក្តីរំភើបមិនអាចពណ៌នាបានមួយទៀតនោះ គឺការទទួលបាននូវការគិតគូរ និងចាត់ចែងដោយផ្ទាល់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
បងប្អូនអតីតយុទ្ធជន បានថ្លែងថា ពួកគេនឹងចងចាំនូវគុណបំណាច់ដ៏ធំធេងរបស់សម្តេចទាំងទ្វេ ហើយការចងចាំនេះនឹងតដល់ជំនាន់កូនចៅរបស់ពួកគេផងដែរ៕