(ក្រចេះ)៖ រដ្ឋបាលខេត្ដក្រចេះ នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ម្នាក់ ជាលើកដំបូងនៅក្នុងខេត្តរបស់ខ្លួន នាវេលាម៉ោង១០៖៣០នាទីព្រឹកមិញនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ស្ដ្រីដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩នេះ អាយុ៥៧ឆ្នាំ រស់នៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ស្ដ្រីខាងលើបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយស្ថានភាព អ្នកជំងឺឈឺដើមទ្រូងខ្លាំង និងពិបាកដកដង្ហើម ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័សរកឃើញវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្ដែស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើម ធ្ងន់ធ្ងរស្រួចស្រាវ ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអានជួយសង្គ្រោះអ្នកជំងឺបាននោះឡើយ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ដ្រីខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ១៩។

ជាមួយគ្នានេះ លោក វ៉ា ថន អភិបាលខេត្ដក្រចេះ ក៏បានចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះផងដែរ។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» និងសេចក្ដីណែនាំនានា ដើម្បីការពារខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ១៩នេះ៕