(កែប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ កន្លែងផលិតបេតុងកៅស៊ូជាលេីកដំបូងនៅក្នុងប្រទេសកម្ពុជា នឹងលេចចេញរូបរាងជាផ្លូវការនៅក្នុងទឹកដីខេត្តកែប ដើម្បីបម្រើដល់ការសាងសង់ផ្លូវប្រភេទបេតុងកៅស៊ូ AC។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូចនេះក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យមើលទីតាំងដាក់តម្លើងគ្រឿងចក្រផលិតបេតុងកៅស៊ូ នៅព្រំប្រទល់ខេត្តកែប និងខេត្តកំពត។
លោកទេសរដ្ឋមន្ត្រី បន្ថែមថា កន្លែងផលិតបេតុងកៅស៊ូដំបូងបំផុត នេះ នឹងជួយធ្វើឱ្យដំណើរការសាងសង់ផ្លូវនៅកម្ពុជា ប្រភេទ AC (ផ្លូវមានកម្រាស់កៅស៊ូក្រាស់) កាន់តែមានភាពឆាប់រហ័ស និងមានគុណភាពខ្ពស់ កាត់បន្ថយការចំណាយបានច្រេីនក្នុងការទិញបេតុងកៅស៊ូ មកពីក្រៅប្រទេស ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការដំឡើងរោងចក្រផលិតបេតុងកៅស៊ូនៅក្នុងខេត្តកែបនេះ ដើម្បីយកបេតុងកៅស៊ូទៅសាងសង់ផ្លូវជាតិលេខ៣១, ៤១ និង៣៣ ដែលនឹងត្រៀមធ្វេីការជួលជុល កែរប្រែឱ្យទៅជាផ្លូវបេតុងកៅស៊ូ AC ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់កន្លែងផលិតបេតុងកៅស៊ូនេះដែរ ក្រសួងសាធារណការ ក៏នឹងត្រៀមធ្វើជាកន្លែងស្វ័យ័តមួយ ដើម្បីផលិតបេតុងកៅស៊ូលក់ឱ្យខាងវិស័យឯកជន ដែលត្រូវការផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា នៅឆ្នាំក្រោយនេះដែរ ក្រុមហ៊ុនចិន នឹងបន្ថែមគ្រឿងចក្រផលិតបេតុងកៅស៊ូនេះមួយឈុតទៀត ហើយក្រសួងនឹងរៀបចំដំឡើងនៅក្នុងខេត្តបាត់ដំបង ដើម្បីបំរើដល់ការជួសជុលផ្លូវនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ដេីម្បីធ្វេីយ៉ាងណាកែរប្រែផ្លូវនៅតំបន់នោះ ពី DBST ទៅជាផ្លូវកៅស៊ូ AC។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថារោងចក្រផលិតបេតុងកៅស៊ូនេះ មានសមត្ថភាពផលិតបានរហូតដល់១២០តោនក្នុងមួយម៉ោង។ ម៉ាស៊ីនសម្រាប់ផលិតបេតុង កៅស៊ូនេះដែរ ក្នុងមួយឈុត មានតម្លៃរហូតដល់ ១លាន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយមិនទាន់រាប់បញ្ជូលតម្លៃរៀបចំកន្លែងដំឡើងនៅឡើយទេ៕