(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ ប្រវែង ១៣៥គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅក្រុងកំពតភាគនិរតីនៃប្រទេសកម្ពុជា បានកែលំអរ និងសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ។
កំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តកំពត ត្រូវបានបើកការដ្ឋានកែលំអរ និងលើកកម្ពស់គុណភាពពីប្រភេទផ្លូវ DBST ទៅជាក្រាលបេតុងកៅស៊ូ AC កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ មកដល់ខែឧសភា ឆ្នាំ២០២១នេះ ការស្ថាបនា និងកែលំអរផ្លូវមួយនេះ មានរយៈពេល៤ឆ្នាំហើយ ហើយការស្ថាបនា និងកែលំអរក៏រួចរាល់ស្ទើរទាំងស្រុងផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយមន្ត្រីក្រសួង និងក្រុមហ៊ុនសាងសង់ផងនោះ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងវាយតម្លៃចុងក្រោយពីកម្រិតគុណភាពសាងសង់ផ្លូវមួយខ្សែនេះ។
គុណភាពផ្លូវ គឺជាបុព្វបំណង និងបុព្វលក្ខខណ្ឌដ៏សំខាន់មួយសម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ ក្នុងដំណាក់កាលនៃការសាងសង់ផ្លូវមួួយខ្សែនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ តែងបានចុះពិនិត្យទាំងបើកចំហរ និងឆ្មក់មិនឱ្យក្រុមហ៊ុនដឹងផងដែរ ដើម្បីធានាថាផ្លូវមួយខ្សែនេះសាងសង់បានត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃកិច្ចសន្យា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានពេលចុះពិនិត្យផ្លូវមួយខ្សែនេះថា ផ្លូវជាតិលេខ៣នេះ គ្រោងនឹងសាងសង់រួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២១នេះខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា សម្រាប់គុណភាពនៃការសាងសង់ផ្លូវនេះដែរ គឺមានគុណភាពល្អ ។ តែទោះជាយ៉ាងណាក្រសួងមិនទាន់សម្រេចចុះហត្ថលេខាទទួលយកនៅឡេីយទេ ដោយរង់ចាំការចុះពិនិត្យ និងឃួងមេីលគុណភាពម្តងទៀត នៅពេលផ្លូវសាងសង់រួចរាល់ជាស្ថាពរ ។
ជាមួយនឹងការសាងសង់ជិតរួចរាល់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវឱ្យមានការចូលរួមថែទាំផ្លូវ។ ជាពិសេសអ្នកដឹកជញ្ជូនកុំដឹកលេីសទម្ងន់ដែលនាំឱ្យផ្លូវឆាប់ខូច។
លោករដ្ឋមន្ត្រីក៏បានទទូចដល់ពលរដ្ឋប្រេីប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ ដេីម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា ការស្ថាបនា និងកែលំអរកំណាត់ផ្លូវជាតិលេខ៣នេះ ត្រូវបានចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ពីចោមចៅ រាជធានីភ្នំពេញ ទៅបែកគុស ខេត្តតាកែវ ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង ៦៤.៨គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ ចែកជា ២គន្លង។
គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន, ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ៕