(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៩នាក់បន្ថែមទៀត ក្នុងនោះ២នាក់ជាពលករមកពីប្រទេសថៃ និង១៧នាក់ ជាកម្មកររោងចក្រ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅស្រុកបរិបូរណ៍ ចំនួន១នាក់, ស្រុកកំពង់ត្រឡាច ចំនួន៦នាក់ និងស្រុកសាមគ្គីមានជ័យ ចំនួន១២នាក់។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ទឹកផុស។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅតែបន្ដអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករ កម្មការិនីស្នាក់នៅទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅឋាន ទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្ដតាមដានសុខភាព និងជួយដោះស្រាយការលំបាកនានា ក្នុងគ្រួសារនីមួយៗតាមជាក់ស្ដែង។
សូមជម្រាបថា រហូតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន២៨៧នាក់ ស្រី២២១នាក់, ជាសះស្បើយសរុបចំនួន៨២នាក់ ស្រី៤៦នាក់, ស្លាប់ចំនួន៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន២០១នាក់ ស្រី១៧២នាក់៕