(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទទួលការណែនាំថ្មី បន្ទាប់ពីរកឃើញករណី វីរុសបម្លែងថ្មី ប្រភពពីប្រទេសឥណ្ឌា។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាគ្រប់អង្គភាពសុខាភិបាលទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេស ការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឲ្យនៅដោយឡែកពីគ្នា និងបន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀត នៅតាមទីតាំងដែលមានការរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង៣កុំ ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសវិធានការរដ្ឋបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍៕