(ស្វាយរៀង)៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងស្វាយរៀង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាលដាលនៅក្នុងសហគមន៍ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ដាច់ខាតមិនត្រូវឱ្យពួកគាត់ខ្វះស្បៀងអាហារនោះឡើយ។
ការជំរុញបែបនេះ របស់ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងស្វាយរៀង បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់សាលាសង្កាត់ចេក ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។
ការចុះនាំយកអំណោយប្រគល់ ជូនដល់សង្កាត់ចេកនេះមានការចូលរួមពីលោក ឥន ទឹម ប្រធានធានក្រុមការងារ ចុះជួយសង្កាត់ និងលោករៀម សុីណា អនុប្រធានក្រុមការងារ និងលោកអភិបាល អភិបាលរងក្រុងស្វាយរៀង និងសមាជិកក្រុមការងារ ចុះជួយសង្កាត់ជាច្រើនរូបផងដែរ។
លោក ជុក មុន្នី បានបន្តថា «ក្នុងគ្រាដែលប្រទេសកម្ពុជា យើងកំពុងឆ្លងរាលដាលដោយជំងឺកូវីដ១៩ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបានគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត នៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ»។
លោកបានបន្ថែមថា ក្នុងខេត្តស្វាយរៀង មានករណីអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនករណីផងដែរ ដូចនេះ សូមប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជម្ងីកូវីដ១៩ នៅក្នុងសហគមន៍។ ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរួមគ្នាកាត់ផ្ដាច់ ឬសគល់នៃការចម្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀងឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
លោកក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរសង្កាត់ស្វាយរៀង ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលចំណាកស្រុកក្រៅប្រទេសក៏ដូចជាបងប្អូនកម្មករកម្មការិនីដែលបម្រើការងារក្នុងរោងចក្រ ដែលមានវិជ្ជមានជំងឺកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងផង ដល់ក្រុមគ្រួសារ និងសហគមន៍ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននូវវិធាន «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ។
លោកក៏បានណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ ពេលទទួលបានសម្ភារនេះហើយត្រូវចេះយកទៅចែកជូនគ្រូសារដែលកំពុងធ្វើចត្តាឡីស័ក ដែលមានអ្នកវិជ្ជមានកូវីដ១៩ និងណែនាំអោយពួកគាត់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងថែទាំសុខភាពឱ្យបានល្អ។
អំណោយដែលត្រូវប្រគល់ជូនសាលាសង្កាត់ចេក រួមមាន៖ អង្ករ ១៧៥គីឡូក្រាម មីម៉ាម៉ា ៧កេស ត្រីខកំប៉ុង ១៤ឡូ ទឹកស៊ីអ៉ីវ៧យួរ ទឹកត្រី៧យួរ ទឹកបរិសុទ្ធ ៣៥យួរ និងវីតាល់៥ កេស ថវិកាចំនួន១,៨០០,០០០រៀល ផងដែរ៕