(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣៖១៤នាទីរសៀល មានករណីលោតឌីស្យុងទ័រ ទ្វារចរន្តតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល ពីអនុស្ថានីយបាត់ដំបង (GS CPG) ទៅអនុស្ថានីយបាត់ដំបង (CPTL) អនុស្ថានីយបន្ទាយមានជ័យ (GS BMC) អនុស្ថានីយ IE (GS IE) និងអនុស្ថានីយឧត្តរមានជ័យ មូលហេតុបណ្តាលមកពីរថយន្តស្ទូច កូនឈើប៉ះខ្សែបណ្តាញតង់ស្យុងខ្ពស់ (HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងផ្នែកខ្លះ ក្នុងខេត្តបាត់ដំបង។
ក្រុមការងារបច្ចេកទេស បានធ្វើការស្តារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនី ឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៣៖៥២នាទីរសៀល។ ករណីដាច់ចរន្តអគ្គិសនីនេះ បណ្តាលឲ្យបាត់បង់អានុភាពចំនួន ៥៣មេហ្កាវ៉ាត់។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការ រអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕