(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំការប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់សមាជិក-សមាជិកាគណបក្សថ្នាក់ស្រុក ឃុំ ភូមិ នៃស្រុកទាំងពីរ។

នាឱកាសនោះ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក និងលោក អួង សារឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ បានឡើងអានសេចក្ដីព្រាងផែនការសកម្មភាពរបស់គណបក្សស្រុករៀងៗខ្លួន ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

បន្ទាប់ពីការអានសេចក្ដីព្រាងផែនការនេះរួចហើយ លោក ថោង ខុន បានណែនាំនូវការងារបន្ថែមមួយចំនួន ដល់ប្រធានគណបក្ស សមាជិក-សមាជិកាគណបក្សថ្នាក់ស្រុក ឃុំ ភូមិ នៃស្រុកទាំងពីរ ដែលរួមមាន៖

* បញ្ចូលសមាសភាព បេក្ខនារី និងយុវជនទៅក្នុងរចនាសម្ពន្ធរបស់គណបក្សន៊

* ខិតខំគ្រប់គ្រងសមាជិកបក្សដែលធ្វើចំណាកស្រុក ពិសេសត្រូវបង្កើនសមាជិកថ្មី ពង្រឹងសមាជិកបក្សចាស់ ដើម្បីដណ្ដើមជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតខាងមុខ។

* ណែនាំឲ្យក្រុមការងារជំរុញការកសាង និងជួសជុលកែលម្អទីស្នាក់ការគណបក្សឃុំទាំងអស់ឱ្យមានសោភ័ណភាព អនាម័យ បរិស្ថានល្អ បំពាក់ឧបករណ៍ សម្ភារ: និងមធ្យោបាយធ្វើការងារឲ្យបានគ្របគ្រាន់ ពិសេសជួសជុលផ្លាកសញ្ញាគណបក្សនៅតាមដងផ្លូវ និងនៅតាមភូមិ-ឃុំ ឱ្យបានស្អាតឡើងវិញ។

* ក្ដាប់ឱ្យបាននូវសតិអារម្មណ៍នយោបាយសមាជិកគណបក្ស។

* ពន្លឿនការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនសមាជិកបក្សឱ្យបានគ្រប់គ្នា។ ប្រសិនបើមានបញ្ហាខុសឈ្មោះ ថ្ងៃ-ខែ-ឆ្នាំកំណើត ទីកន្លែងកំណើត ឬបាត់ ឬខូច ក៏ដូចជាផុតសុពលភាពជាដើមនោះ ក៏ត្រូវម្នីម្នាដោះស្រាយជូនសមាជិកបក្សឱ្យបានលឿន។

* ផ្ទៀងផ្ទាត់ឈ្មោះរបស់សមាជិកបក្សនៅក្នុងបញ្ជីឈ្មោះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រសិនបើឃើញខុសទិន្នន័យណាមួយ ត្រូវទៅជួបក្រុមចុះឈ្មោះ ដើម្បីធ្វើការកែតម្រូវភ្លាម។

* ត្រូវខិតខំជំរុញដល់ប្រជាពលរដ្ឋទូទៅចូលរួមការក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីបង្កើនភាពសាំនៅក្នុងសហគមន៍ ដែលជាកត្តាល្អសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភា។

លោក ថោង ខុន ក៏បានណែនាំឱ្យបន្តការអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច។

នាឱកាសនោះ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក និងស្រុកបារាយណ៍ ក៏បានប្ដេជ្ញាខិតខំបំពេញការងារដែលគណៈកម្មាធិការកណ្ដាលបានដាក់ចេញ និងពង្រឹងពង្រីកកិច្ចសហការជាមួយសមាជិកគណបក្សថ្នាក់ស្រុក ឃុំ ភូមិ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផល និងជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រយោជន៍ជូនប្រជាជនទូទៅផងដែរ៕