(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបបងប្អូននោះទេ ពោលគឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋ មានសុខមោលភាពល្អ ជៀសវាងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងវាយលុកនៅក្នុងរាជធានី និងនៅតាមបណ្តាលខេត្តនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ការលើកឡើងបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំអាជ្ញាធរ និងមន្ត្រីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន ៧៩៨៨គ្រួសារ នៅក្នុងតំបន់បិទខ្ទប់ នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
លោក ឃួង ស្រេង បញ្ជាក់ថា «ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា»។
លោកបន្តថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទុបភូមិដ្ឋាន និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួ៧៩៨៨គ្រួសារ ស្មើនឹង៧៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី ទឹកស៉ីអ៉ីវ ១យួរ និងទឹកបរិសុទ្ធ១កេស។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចមិនត្រឹមតែរំដោះប្រជាពលរដ្ឋ ចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ សម្តេចនូវបានកសាងប្រទេសជាតិមួយនេះ ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចំរើន មានទាំងរោងចក្រ សហគ្រាស កម្មករ កម្មការីនីបានប្រាក់ខែខ្ពស់ថែមទៀត។
ជាក់ស្តែងអ្វីដែលយើងបានឃើញនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់បែបយ៉ាង ក្នុងការលុបបំបាត់ និងកាត់ផ្តាច់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ដោយមានទាំងការបង្ខំចិត្តបិទខ្ទប់តំបន់មានហានិភ័យមួយចំនួន ការផ្តល់ស្បៀងអាហារ និងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកប្រាក់ថែមទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន។
លោកអភិបាលរាជធានី ក៏ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទៀតថា សូមបងប្អូនជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិរីកចំរើនដូចសព្វថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី កុំងាយជឿអ្នកថាពេក សូមជឿមកលើអ្នកធ្វើ ជឿអ្នកផ្តល់ ជឿអ្នកជួយ ជឿអ្នកទំនុកបម្រុង អ្នកថែទាំយើង កុំជឿអ្នកលើអាកាស គេបានតែមាត់ទេ។
ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានអាជ្ញាធររាជធានី ខណ្ឌ នាំទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជម្ងឺកូវីដ-១៩នេះ បានចំនួនជាង ១០ម៉ឺន ៥ពាន់គ្រួសារហើយ៕