(ភ្នំពេញ)៖ សមាគមប្រឹក្សាការងារ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកសម្ភារបរិក្ខាមួយចំនួន រួមមាន អាល់កុល មី និងអង្ករ ប្រគល់ជូនរដ្ឋបាលខណ្ឌសែនសុខ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។
ការប្រគល់-ទទួលជំនួយសម្ភារបរិក្ខារនេះ ធ្វើឡើងក្រោមវត្តមានពីលោក អ៊ូ រតនា ប្រធានសមាគមប្រឹក្សាការងារ លោកនាយឧត្តមសេនីយ៍ សុខ មុនី ជាប្រធានក្រុមទីប្រឹក្សាសមាគម និងសមាជិក-សមាជិកាមួយចំនួនទៀត។ តាមការបញ្ជាក់របស់សមាគម សម្ភារៈដែលប្រគល់ជូនរួមមាន៖ អង្ករ ១,០០០ គីឡូក្រាម, អាកុល ៣ កាន,មី ២០ កេស, ទឹកបរិសុទ្ធ ៣០ កេស និងជែល ៨ កេស។
នាឱកាសនោះ លោក អ៊ូ រតនា បានបញ្ជាក់ថា ការប្រគល់ជូនសម្ភារៈអស់ទាំងនេះអាចធ្វើទៅបាន គឺដោយសារទឹកចិត្តចូលរួមភាគទានរបស់សមាជិកសមាគម ដែលតែងតែបានធ្វើនាពេលកន្លងមកជាមួយនឹងរដ្ឋបាលមូលដ្ឋាន ដូចជាខណ្ឌកំបូល និងខណ្ឌព្រែកព្នៅជាដើម។ សកម្មភាពនេះ គឺបង្ហាញពីការចេះជួយគ្នា និងសាមគ្គីគ្នាក្នុងអំឡុងវិបត្តិនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩។
ទន្ទឹមនេះ លោកប្រធានសមាគមប្រឹក្សាយការងារ ក៏បានថ្លែងអំណរដល់រដ្ឋបាលខណ្ឌសែនសុខ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្តផ្សព្វផ្សាយវិធានការអនាម័យក្នុងការបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកអភិបាលខណ្ឌ សែន សុខ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណសម្រាប់កាយវិការដ៏សប្បុរសធ៌មនេះ ចំពោះសមាគមប្រឹក្សាការងារ ដែលបានពាំនាំនូវសម្ភារៈទាំងនេះ ជូនដល់រដ្ឋបាលខណ្ឌសម្រាប់ថ្ងៃនេះ។ រដ្ឋបាលខណ្ឌសែនសុខ នឹងប្រើប្រាស់សម្ភារៈទាំងនេះក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសគឺបែងចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងធ្វើចត្តាឡីស័កផងដែរ៕