(ព្រៃវែង)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសហការី នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកនូវគ្រឿង ឧបភោគបរិភោគ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង និងស្ករស ផ្តល់ជូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក និងមានជីវភាពខ្វះខាត សរុបចំនួន៤៥គ្រួសារ នៅឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងនោះ ក៏មានការចូលរួមពីលោក ហ៊ិន វន្នី អភិបាលរងស្រុកកំពង់ត្របែក លោកមេឃុំជ្រៃ មេភូមិ ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃ ថ្នាក់ដឹកនាំសមាគម និងប្រជាពលរដ្ឋផងដែរ។
លោក ហ៊ិន វន្នី បានថ្លែងថា ប្រជាជនក្នុងស្រុកកំពង់ត្របែក មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន២៤នាក់ បានជាសះស្បើយសរុប៨នាក់ កំពង់ព្យាបាល១៤នាក់ និងស្លាប់ ២នាក់ (នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង)។
លោកអភិបាលរង បានបន្តថា លោកតំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់លោក មែ ស៊ីថុន ប្រធានសមាគម អតីតសិស្ស-និស្សិត នៅកម្ពុជា សហការី និងសប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយជាស្បៀងអាហារ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងធ្វើចត្តាឡីស័ក ក្នុងឃុំជ្រៃ ស្រុកកំពង់ត្របែក ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ។
លោក មែ ស៊ីថុន បានឲ្យដឹងថា អំណោយទាំងនេះ គឺបានមកពីកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់សមាគម ព្រមទាំងលោក ចាស្ទីន រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
លោកប្រធានសមាគម បានបន្តថា ទោះជាអំណោយនេះ តិចតួចក្តី តែវាគឺជាទឹកចិត្ត នៃការចែករំលែក ជាពិសេសក្នុងគ្រាដ៏លំបាកនេះ ដែលវាអាចជួយសម្រាល ការលំបាកខ្លះៗរបស់លោកតា លោកយាយ អ៊ុ ពូ មីង បងប្អូន ផងដែរ។
លោកប្រធានសមាគម ក៏បានសំណូមពរ ដល់ប្រជាជននៅទីនេះ និងនៅទូទាំងប្រទេស សូមចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងអនុវត្ត វិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕