(ពោធិ៍សាត់)៖ អ្នកគ្រូ កែវ វណ្ណា អាយុ ៤២ឆ្នាំ នាយិកាសាលាបឋមអូរដេកា ស្ថិតក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោ ធិ៍សាត់ បានស្លាប់បាត់បង់ជីវិតទាំងកូន នៅក្នុងផ្ទៃជិតគ្រប់ខែទៅហើយ ដោយសារតែជំងឺថប់ដង្ហើម នាម៉ោង៥៖១០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ ពេលដឹកបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក។
លោក ម៉ា សុភី ប្រធានភូមិអូរដេកា និងជាប្តីស្ត្រីរងគ្រោះ បានប្រាប់ Fresh News ឲ្យដឹងថា នៅព្រឹកមិញភរិយារបស់លោក បានកើតជំងឺថប់ៗដង្ហើម ហើយណែនដើមទ្រូង ហើយក៏ដឹកបញ្ជូនមកដល់សង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ស្រាប់តែពេលកំពុងដឹក បញ្ជូននោះ ក៏ឡើងស្លេះ ហើយដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។
បើតាមលោក ម៉ា សុភី ភរិយារបស់លោកមានកូនក្នុងផ្ទៃស្ទើរតែគ្រប់ខែទៅហើយ ហើយនេះក៏ជាកូនទី៣ នៃចំណងអាពាហ៍ពិពាហ៍ របស់លោកផងដែរ។ លោក ម៉ា សុភី ព្រោះតែក្តីស្រឡាញ់ បានយំឱបសពភរិយាគួរឲ្យសង្វេគ និងវិប្បយោគយ៉ាងខ្លាំង។
ជាមួយនិងដំណឹងមរណភាពរបស់អ្នកគ្រូ កែវ វណ្ណា ដែលជាមន្រ្តីរាជការនៅក្នុងខេត្តពោធិ៍សាត់នេះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះទៅជួបក្រុមគ្រួសារសពភ្លាមៗ នៅនិងមន្ទីរពេទ្យ និងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពផងដែរ។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្នុងនាមជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ម៉ៅ ធនិន បានផ្តល់ថវិកា ២លានរៀលដល់ក្រុមគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោកអភិបាលខេត្ត ក៏បានចាត់ចែង ឲ្យក្រុមការងារសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ និងអនុសាខាកាកបាទក្រហមស្រុក ចុះជួយសម្រាលទុក្ខលំបាករបស់គ្រួសារ សពដល់គេហដ្ឋានក្នុងភូមិអូរដេកា ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ៕