(ត្បូងឃ្មុំ)៖ សំណង់ទ្វារស្ទាក់ទឹក ស្ថិតនៅភូមិទួលកែវ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ជាផ្លូវការ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការចូលរួមពី លោក កេង ប៊ុនណា អភិបាលរងខេត្ត មន្ទីរជំនាញ អភិបាល អភិបាលរងស្រុក ត្បូងឃ្មុំ និងក្រុមការងារយុវជនខេត្ត-ស្រុក ក្រុមប្រឹក្សាឃុំ ជីរោទិ៍ទី១ មេភូមិ និងប្រជាពលរដ្ឋ។

ទំនប់ទ្វាទឹកនេះ សម្រាប់ប្រើប្រាស់ និងស្រោចស្រពដីស្រែ និងដំណាំចំការប្រមាណ ៥០៩ហិកតា របស់ប្រជាពលរដ្ឋប្រមាណ ៦២៩គ្រួសារ រស់នៅ០៤ភូមិ គឺភូមិទួលកែវ ភូមិព្រែកតូច ភូមិកំពង់ឬស្សី និងភូមិជួរកណ្ដាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នាឱកាសនេះដែរ គណៈអធិបតី បានដឹកនាំយុវជន និងប្រជាពលរដ្ឋដាំគ្រាប់ត្នោត និងដើមត្នោត សម្រាប់ជាគុណប្រយោជន៍ សម្រស់បរិស្ថាន ទប់ការហូរច្រោះបាក់ដី និងសំណូមពរដល់ប្រជាពលរដ្ឋសុំជួយ ចូលរួមថែរក្សាប្រើប្រាស់ទំនប់ទ្វាទឹកនេះ ឲ្យចំគោលដៅដើម្បីជាប្រយោជន៍រួមបានយូរអង្វែង និងសូមបន្តគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍនមូលដ្ឋានភូមិឃុំ ស្រុក ខេត្ត ប្រទេសជាតិ មានសុខសន្តិភាព បន្តទៀត និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ នៅពេលខាងមុខ៕