(ភ្នំពេញ)៖ អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ជីវៈចម្រុះ និងសុខភាពមនុស្ស» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន បានប្រកាសពីការថតតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ប្រភេទសត្វកម្រទាំងនោះរួមមាន៖ ដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែលបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាព និងវីដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជា៖ ទន្សោង ស្វាព្រាម ទោចម្កុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោម ផងដែរ។

អ្នកនាំពាក្យរូបនេះ បានបន្តថា រូបភាពសត្វព្រៃជិតផុតពូជ រងការគំរាមកំហែង និងមានដោយកម្រមួយចំនួនដូចជា សត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង និងប្រើស ដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើនពិសេសសត្វដំរីព្រៃ ក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗ មានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាន សូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៃ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីក្រុមការងារអនុសមាសភាគ១.២ នៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ប្រមូលទិន្នន័យដ៏មានសារៈសំខាននេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ការប្រមូលបានទិន្នន័យនៃ ប្រភេទសត្វព្រៃកម្រ នៅក្នុងដែនជម្រកសត្វព្រៃនៅពេលនេះ គឺជាដំណឹងដ៏ល្អបំផុតមួយថ្ងៃមុនពេលកម្ពុជា និងពិភពលោកទាំងមូលត្រៀមប្រារព្ធទិវាបរិស្ថាន ដែលក្នុងឆ្នាំនេះផ្តោតសំខាន់លើការស្តារឡើងវិញ នៃប្រព័ន្ធអេកូឡូស៊ី ហើយកម្ពុជា បានផ្តោតជាសំខាន់លើប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស»។

លោកបានគូសបញ្ជាក់ថា ក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន៨៥ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ, ស្វែងរកវត្តមាន និងអវត្តមានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែង ព្រមទាំងវាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។

ទន្ទឹមនឹងដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ពីវិធីសាស្ត្រ នៃការស្រាវជ្រាវនេះថាការដាក់ម៉ាស៊ីនថតដោយស្វ័យប្រវត្តិនៅក្នុងការកំណត់វត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ ងាយរងគ្រោះថ្នាក់ និងគំរាមកំហែងនេះដោយរៀបចំជាប្រព័ន្ធដែលមានចម្ងាយពីម៉ាស៊ីនថត ដោយស្វ័យប្រវត្តិមួយទៅមួយទៀត ២គីឡូម៉ែត្រ ហើយការជ្រើសរើសទីតាំងសំខាន់ៗ សម្រាប់ដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅតំបន់ដែលសំខាន់ៗ សម្រាប់សត្វព្រៃរួមមាន៖ តំបន់ដីច្រាប តំបន់ទឹកច្រប់ តាមមាត់ត្រពាំង បឹង បួរ និងគន្លងសត្វព្រៃមួយចំនួនទៀត។ ម៉ាស៊ីថតស្វ័យប្រវត្តិនឹងត្រូវរក្សាក្នុងព្រៃរយៈពេល ៦ខែ ក្នុងអំឡុងខែប្រាំង (៣ខែ) និងអំឡុងខែវស្សា (៣ខែ) ហើយក្រុមការងារនឹងចុះទៅផ្លាស់ប្តូរថ្ម និងយកអង្គចងចាំ (memory card) ជារាងរាល់ ២ខែម្តង។

សូមបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ហើយគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

គម្រោងនេះចែកជា៥ សមាសភាគ គឺទី១៖ ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ, ទី២៖ ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ, ទី៣៖ ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ, ទី៤៖ ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង៥៖ ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។

កាលដែលជ្រើសរើសដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលត្រូវបង្កើតដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ភាគនិរតី នៃប្រទេសកម្ពុជា ដើម្បីដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ឱ្យដឹងថាដោយសារតែតំបន់ការពារធម្មជាតិនេះគ្របដណ្តប់ដោយប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃល្បោះ លាយឡំដោយព្រៃឫស្សី និងវាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្រ្តក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ មានស្ទឹង និងអូរជាប្រភពទឹក ដែលជាទីជម្រកប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស។

ជាមួយនឹងដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់ វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕