(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ព្រមទាំងឧបករណ៍ សម្ភារការពារ និងប្រឆាំងកូវីដ១៩ ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងខេត្តពោធិ៍សាត់ និងវរសេនាតូចលេខ១ ឈរជើងនៅតំបន់ថ្មដារ ព្រំដែនកម្ពុជា-ថៃ។
ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានបញ្ជាក់ថា ទោះបីក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន និងអគ្គិសនីកម្ពុជា ព្រមទាំងសហការី មិនដែលភ្លេចពីសុខទុក្ខរបស់បងប្អូនកងកម្លាំងនោះទេ ហើយការជួយឧបត្ថម្ភសម្ភារនេះ គឺសំដៅបំពេញការខ្វះខាត និងបន្ថែមធនធាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីឲ្យបងប្អូនកងកម្លាំងមានអារម្មណ៍នឹងនរ ក្នុងការឈរជើងការពារទឹកដី ឲ្យបានប្រសើរ។
បងប្អូនកងទ័ពកំពុងឈរជើង នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្ហាញនូវក្តីសប្បាយរីករាយ ដែលបានឃើញអគ្គិសនីកម្ពុជា តែងតែចុះសាកសួរសុខទុក្ខ និងជួយឧបត្ថម្ភយ៉ាងទៀតទាត់ មិនដែលដាច់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាមួយគ្នានេះ បងប្អូនកងទ័ព សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់នូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពួកគាត់ និងក្រុមគ្រួសារ ដើម្បីបានជាខែលមួយ ក្នុងការការពារជំងឺកូវីដ១៩។
បងប្អូនកងទ័ព ក៏បានផ្តាំផ្ញើនូវការអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរដល់សម្តេចទាំង២ ឲ្យមានអាយុយ៉ឺនយូរ និងមានជោគជ័យ ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការរីកចម្រើនកាន់តែខ្លាំងក្លាឡើងថែមទៀត៕