(ភ្នំពេញ)៖ ដោយទទួលបានការណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នៅសប្តាហ៍នេះនាយឧត្តមសេនីយ៍ បានចាត់តាំង ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យ និងជាអ្នកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយក្រុមការងារ បាននាំយកថវិកា របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគល់ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី សូរ សុវណ្ណឌី អតីតមេបញ្ជាការ អាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពដោយរោគាពាធ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី បាននាំប្រសាសន៍សួរសុខទុក្ខ ជូនដល់ក្រុមគ្រួសារសពរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដែលនាយឧត្តមសេនីយ៍ មានការសោកស្តាយដ៏ក្រៀមក្រំបំផុត ក្នុងការបាត់បង់ លោកឧត្តមសេនីយ៍ត្រី សូរ សុវណ្ណឌី ដែលជាមេបញ្ជាការពោរពេញដោយសម្ថភាពម្នាក់របស់កងរាជអាវុធហត្ថ ដែលលោកគឺជាស្វាមី ដ៏ល្អ និងជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកពីលោកនេះទៅ ដែលគ្មានថ្ងៃនឹងអាចត្រលប់មកវិញបាន។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា ដោយជ្រកក្រោមទិសស្លោក «ជួយគិត ជួយធ្វើ រួមទទួលខុសត្រូវ» ដែលជាទិសស្លោក របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែក្រើនរំលឹកដល់មេបញ្ជាការ បណ្តាអង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាំបាច់ត្រូវមានស្មារតី មនុស្សធម៌ គុណធម៌ ចូលរួមថែរក្សា និងយកចិត្តទុកដាក់ ទៅលើបងប្អូន កងរាជអាវុធហត្ថទាំងអស់ ដែលនៅក្រោមឱវាទ ជាពិសេសនៅពេលដែលពួកគាត់ កំពុងជួបនូវទុក្ខលំបាក ទើបថ្ងៃនេះលោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានចាត់តាំងក្រុមការងារ នាំយកថវិកា ចំនួន៦៥លានរៀល ដែលបានមកពីការផ្តួចផ្តើមគំនិត ចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត របស់នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងនាយទាហាន នាយទាហានរង នៅក្រោមឪវាតទាំងអស់ ដើម្បីជួយសម្រាលបន្ទុក ដោះស្រាយនូវទុក្ខលំបាកភ្លាមៗរបស់ក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិក ជាទីស្រលាញ់ ដែលគ្មានថ្ងៃនឹងអាចវិលត្រលប់មកវិញបានឡើយ៕