(ស្វាយរៀង)៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណ:កម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង តំណាងរាស្ត្រមណ្ឌលស្វាយរៀង នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជូនរដ្ឋបាលសង្កាត់ស្វាយរៀង ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៥០គ្រួសារក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ការប្រគល់អំណោយនេះមានការចូលរួមពីលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត, លោក គង់ ចាន់ ថន ប្រធានមន្ទីរមុខងារសាធារណៈ, អភិបាល អភិបាលរងក្រុងស្វាយរៀង និងក្រុមការងារចុះជួយសង្កាត់ ព្រមទាំងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិជាច្រើនរូបផងដែរ។

លោក ជុក មុន្នី បានប្រាប់អាជ្ញាធរសង្កាត់ស្វាយរៀង ត្រូវយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។

លោកបានបន្តថា ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងឆ្លងរាលដាលដោយជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបានគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

លោកបន្តទៀតថា ក្នុងខេត្តស្វាយរៀងក៏មានករណីអ្នកឆ្លងជំងឺកូវីដ១៩ច្រើនករណីផងដែរ ដូចនេះយើងមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ក្នុងការចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជម្ងីកូវីដ១៩ នៅក្នុងសហគមន៍។ ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស់ រក្សាគម្លាត ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែល និងរួមគ្នាកាត់ផ្ដាច់ឬសគល់នៃការចម្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកបានជំរុញឲ្យអាជ្ញាធរសង្កាត់ស្វាយរៀង ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ដែលចំណាកស្រុកក្រៅប្រទេសក៏ដូចជា បងប្អូនកម្មករ កម្មការិនីដែលបម្រើការងារក្នុងរោងចក្រ ដែលមានវិជ្ជមានជម្ងឺកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងផងដល់ក្រុមគ្រួសារ និងសហគមន៍ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែនវិធាន «៣ការពារ និង៣កុំ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ។

លោក ជុក មុន្នី បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់មេភូមិត្រូវ យកចិត្តទុកដាក់ នាំយកអំណោយរបស់លោកស្រីបណ្ឌិត ម៉ែន សំអន ឱ្យដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ រួមមាន៖ អង្ករ២តោនកន្លះ មី៥០កេស ទឹកត្រី៥០យួរ ទឹកស៊ីអីវ៥០យួរ ត្រីខកំប៉ុង៥០ឡូ ស្កសរ៥០គីឡូ ទឹកសុទ្ធវីតាល់៥០យួរ មុង៥០ កន្ទេលជ័រ៥០ ក្រម៉ារ៥០ ម៉ាស់២៥០០ អាល់កុលជែល៥០ដបសាប៊ូប្រូថេច១០០ដុំ និងថវិការ២លាន៥សែនរៀល។ ជូនក្រុមប្រឹក្សាសង្កាត់ អាល់កុល១កាន ស្មើ៣០លីត្រ ម៉ាស់៥០០ និងថវិការ៥០ម៉ឺនរៀល។ ជូនបណ្ដាភូមិទាំង៧ នៅក្នុងសង្កាត់ស្វាយរៀមានអាល់កុល២កានស្មើរ៦០លីត្រ ម៉ាស់៧០០ និងថវិការ៧០ម៉ឺនរៀលផងដែរ៕