(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាអ្នករស់នៅស្រុកសូទ្រនិគម និងក្រុងសៀមរាប។

រដ្ឋបាលខេត្ត បានសម្រេចបង្ហាញអត្តសញ្ញាណរបស់ពួកគេ ដើម្បីឱ្យអ្នកបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺមានវិធានការការពារសុខភាព និងទប់ស្កាត់កុំឱ្យឆ្លងទៅអ្នកដទៃ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប អ្នកវិជ្ជមានថ្មីចំនួន៥នាក់ រួមមាន៖
ទី១៖ ឈ្មោះ អ៊ូ សេង ភេទប្រុស អាយុ៣០ឆ្នាំ។
ទី២៖ ឈ្មោះ ឃៀន សុឃី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាភរិយារបស់ឈ្មោះ អ៊ូ សេង។
ទី៣៖ ឈ្មោះ ភន់ សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ។ អ្នកទាំង៣ មានអាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។
ទី៤៖ ឈ្មោះ ស្រ៊ីន រតនា ភេទប្រុស អាយុ១៧ឆ្នាំ និងទី៥ ឈ្មោះ ស្រ៊ីន រ៉ូម៉ា ភេទប្រុស អាយុ១៦ឆ្នាំ ដែលអ្នកទាំង២នេះ មានអាសយដ្ឋាននៅភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីទី១ ទី២ និងទី៣ មានទំនាក់ទំនងគ្នា ហើយក្រុមការងារជំនាញបាននិងកំពុងស្រាវជ្រាវ រកមុខសញ្ញាមួយចំនួន តែពុំទាន់អាចសន្និដ្ឋានពីប្រភពច្បាស់លាស់នៅឡើយ។

ដោយឡែកករណីទី៤ និងទី៥ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តឈ្នួល កាលពីថ្ងៃទី០៣ ខែមិថុនា ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ តាមការស្រាវជ្រាវ អ្នករួមដំណើរចំនួន ៧នាក់ ត្រូវបានក្រុមការងារចាត់វិធានការឱ្យធ្វើចត្តាឡីស័ក។

នៅថ្ងៃទី៤ ខែមិថុនា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១២នាក់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៤ ខែមិថុនានេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣៦នាក់ បានព្យាបាលជាសះស្បើយចំនួន៨០នាក់ ស្លាប់២នាក់ និង៥៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕