(ភ្នំពេញ)៖ តាមការគ្រោងទុក សាលក្រមនៃសំណុំរឿង យុវជន គង់ រ៉ៃយ៉ា អតីតនិស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈ ដែលអំពាវនាវឱ្យធ្វើបដិវត្តន៍ពណ៌នោះ នឹងត្រូវប្រកាសនៅម៉ោង២៖០០រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះហើយ។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ក្រោមការចោទប្រ កាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបគេ បានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយអំពាវនាវប្រមូលគ្នាធ្វើបដិវត្តពណ៌។
យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ លើសំណុំរឿងរបស់ គង់ រ៉ៃយ៉ា។ នៅចំពោះមុខចៅក្រមជំនុំជម្រះ គង់ រ៉ៃយ៉ា បានទទួលស្គាល់ទោសកំហុសរបស់ខ្លួនថា ពិតជាបានអំពាវនាវឲ្យធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម Facebook មែន ប៉ុន្តែរូបគេបានស្នើឲ្យតុលាការ បន្ធូរបន្ថយទោសដល់រូបគេ៕