(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0២១ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សា១ខ្នង មាន៣បន្ទប់ ដែលជាជំនួយរបស់អង្គការសប្បុរសជនជប៉ុន ស្ថិតនៅក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះកិច្ចខំប្រឹងប្រែង និងសហការដ៏ល្អរបស់អាជ្ញាធរខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាមួយដៃគូអភិវឌ្ឍ ជាពិសេសអង្គការសប្បុរសជនជប៉ុន ដែលបានចូលរួម គាំទ្រអភិវឌ្ឍន៍ និងលើកកំពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវអគារសិក្សាជាច្រើន ជាពិសេសតាមតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយនូវមធ្យោបាយមកសិក្សា និងសេវាអប់រំឲ្យកាន់តែកៀកនឹងមូលដ្ឋានប្រជាពលរដ្ឋ ដែលស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមទៀតថា កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយនយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាលបច្ចុប្បន្នកាល ក៏ដូចជាអនាគតកាលសម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន។ ដោយឡែក ការអប់រំជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពធំៗទាំងបួនរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណធម៌ ដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្នុងនោះដែរ លោកអភិបាលខេត្តក៏បានណែនាំដល់ក្រុមជាងសំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង មិនតែប៉ុណ្ណោះសាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗនៅជនបទ បានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ និងបានជំរុញឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ៕