(ព្រៃវែង)៖ ក្រុមគ្រូពេទ្យរបស់ខេត្តព្រៃវែង បានសម្រេចធ្វើការវះកាត់សង្គ្រោះកូនក្នុងផ្ទៃដោយជោគជ័យ ពីស្រ្តីកើតកូវីដម្នាក់ដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០៖៤០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

ស្រ្តីមានផ្ទៃពោះ ហើយមានវិជ្ជមានកូវីដ១៩ និងដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះមានឈ្មោះ យ៉ាត ចេក អាយុ២៩ឆ្នាំ ភូមិត្រពាំងថ្លុង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ នាងមានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហើម និងក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ តែអ្នកជំងឺមិនទាន់មានសញ្ញា ឈឺពោះឆ្លងទន្លេនៅឡើយទេ។

ក្រោយការពិភាក្សាជាមួយប្រធានមន្ទីរពេទ្យ និងមានការយល់ព្រមពីក្រុមគ្រួសារអ្នកជំងឺផងនោះ ក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់រហូតទទួលបានជោគជ័យតែម្តង។

របាយការណ៍របស់លោក ញែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានឲ្យដឹងថា «ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យបានពិភាក្សាជាមួយប្រធានមន្ទីរសុខាភិបាល ដោយធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ ហើយព្រមជាមួយគ្នានោះ ក៏បានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺដើម្បីសុំធ្វើការវះកាត់សង្គ្រោះកូនដោយសារម្តាយមានសភាពធ្ងន់ធ្ងរ ទើបចុងក្រោយក្រុមគ្រូពេទ្យបានសំរេច ធ្វើការវះកាត់យកកូនចេញ នៅវេលាម៉ោង ១០៖៤០នាទីយប់ថ្ងៃទី៤ ខែមិថុនា ហើយការវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបានកូនប្រុស ទំងន់ 2,8 kg»

ក្រុមគ្រូពេទ្យបានឲ្យដឹងថា កូនមានសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត៕