(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់ស្វែងរកវិធីមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន ខណៈមេដឹកនាំនៃប្រទេសទាំងពីរគ្រោងនឹងជួបផ្ទាល់នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅយប់ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

លោក ពូទីន បានប្រាប់វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg ថា «យើងត្រូវរកវិធីដើម្បីធ្វើឱ្យទំនាក់ទំនងទាំងនៃប្រទេសទាំងពីរមានលក្ខណៈធម្មតាឡើងវិញ។ បច្ចុប្បន្នទំនាក់ទំនងគឺស្ថិតនៅកំរិតទាប»

គួរបញ្ជាក់ថា នាប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកបានឡើងកម្តៅកាន់តែខ្លាំង។ ប្រទេសមហាអំណាចទាំងពីរ មានការខ្វែងគំនិតគ្នាលើសំណុំរឿងសំខាន់ៗមួយចំនួន ដូចជាបញ្ហាអ៊ុយក្រែន បញ្ហាសិទ្ធិមនុស្ស និងការវាយប្រហារតាមអ៊ីនធ័រណេតនាពេលថ្មីៗនេះជាដើម៕