(ភ្នំពេញ)៖ គ្រួសារជនពិការដែលតស៊ូក្នុងជីវិត មានប្រពន្ធអ្នករើសអេចចាយ ចិញ្ចឹមកូន២នាក់ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីសណ្តោសប្រណី ពេលនេះបានទទួលផ្ទះថ្មី និងដីសម្រាប់ដាំបន្លែ នៅភូមិអភិវឌ្ឍន៍ តាកែនកោះស្លារ ខេត្តកំពតរួចរាល់ហើយ ជាមួយនឹងទឹកមុខញញឹម បានផ្លាស់ប្តូរជីវិតថ្មី នេះបើតាម Facebook របស់សម្តេចតេជោ។
លោក បួញ សុភក្តិ ដែលជាជនពិការពីកំណើត បានប្រឹងប្រែងតស៊ូក្នុងជីវិត រកចំណូលដោយការសុំទាន និងគូរគំនូលក់ឲ្យភ្ញៀវទេសចរនៅមុខវំាង និងមានប្រពន្ធជាអ្នករើសអេតចាយ ចិញ្ចឹមកូន២នាក់ រស់នៅភ្នំពេញដោយជួលផ្ទះ ។ ដោយឃើញពីការតស៊ូរបស់ជនពិការនេះ សម្តេចតេជោ បានចាត់ឲ្យក្រុមការងារសម្តេច ចុះពិនិត្យស្ថានភាពគ្រួសារជនពិការ និងបានសម្រេចផ្តល់ផ្ទះថ្ម និងដីសម្រាប់ ដាំដំណាំចិញ្ចឹមជីវិតថ្មី នៅតំបន់អភិវឌ្ឍន៍ តាកែនកោះស្លារ ខេត្តកំពត។
បើទោះបីសម្តេចផ្តល់ផ្ទះថ្ម និងដីជូនជនពិការមួយគ្រួសារនេះ យ៉ាងណាក្តីសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវអារម្មណ៍នឹកគិត ដល់ជនពិការជាច្រើនទៀត ដែលគ្មានឱកាសដូចគ្រួសារ ជនពិការលោក បួញ សុភក្តិ ហើយកំពុងប្រឈមនឹងបញ្ហាជីវិតរាល់ថ្ងៃ ហើយសម្តេចក៏បានអំពាវនាវ ឲ្យជនពិការទាំងអស់ខិតខំតស៊ូ មិនត្រូវអស់សង្ឃឹមក្នុងជីវិតជាដាក់ខាត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ទន្ទឹមនឹងការសប្បាយចិត្តដែលបានឃើញគ្រួសារ ក្មួយ បួញ សុភក្តិ បានមកនៅផ្ទះថ្មី នៅភូមិអភិវឌ្ឍន៍ តាកែនកោះស្លារខេត្តកំពតនេះ ក៏ខ្ញុំនៅតែនឹកគិតដល់ជនពិការជាច្រើន ដែលគ្មានឱកាសដូចក្មួយ ហើយកំពុងប្រឈមនឹងបញ្ហាជីវិតរាល់ថ្ងៃ។ ផ្ទះថ្មីដែលដែលក្មួយបានទទួលនេះ គឺជាជម្រកដ៏កក់ក្តៅសម្រាប់ក្រុមគ្រួសារក្មួយ និងកូនៗជាទីស្រឡាញ់។ ពីពេលនេះតទៅគឺក្មួយឈប់លំបាក ដើរសុំទានគេយកមក បង់ថ្លៃផ្ទះទៀតហើយ ហើយកូនៗក៏អាចមានឱកាសសិក្សារៀនសូត្រនៅទីនេះ បានយ៉ាងងាយស្រួលទៀតផង។ សូមជនពិការទូទៅខិតខំតស៊ូមិនត្រូវអស់សង្ឃឹមនិងជីវិតទេ។ ទន្ទឹមនិងនេះ សូមសប្បុរសជននានា ចូលរួមចែករំលែកជួយជនពិការ និងកុមារពិការដែលគ្មានទីពឹង និងគ្មានលទ្ឋភាពជាក់ស្តែង អោយទទួលបាន នូវឱកាសនានាដូចកុមារ និងពលរដ្ឋដទៃៗទៀតក្នុងសង្គម»៕