(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ លោក ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ឆុងចម។
ជាលទ្ធទ្ធផលក្នុងជំនួបនេះ អាជ្ញាធរនៃខេត្តជាប់ព្រំដែនទាំងពីរ ប្តេជ្ញាបន្តរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន បន្តជួយរក្សាសុខសុវត្ថិភាព និងសុខមាលភាពជូនពលរដ្ឋ ខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ពិសេសអ្នកដែលអាចស្នាក់នៅហួសទិដ្ឋការកំណត់ក្នុងអំឡុងពេលនៃវិបត្តិជាសកលដ៏អាក្រក់នេះ។
ភាគីទាំងពីរបន្តអនុញ្ញាតឲ្យឆ្លងកាត់ចេញ-ចូលរាល់ទំនិញដែលមានលក្ខណៈពាណិជ្ជកម្ម ដូចដែលបានឯកភាពគ្នាកន្លងមក និងបន្តទាក់ទងគ្នាជាប់ជាប្រចាំ និងសហប្រតិបត្តិការល្អ ពិសេសជូនព័ត៌មានគ្នាទៅវិញទៅមកពេលមានការវិវត្តប្រែប្រួលនានាឲ្យបានទាន់ ពេលវេលា។
អភិបាលខេត្តឧត្តរមានជ័យ ក៏បានស្នើអភិបាលខេត្តថៃជួយថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជនស្របច្បាប់របស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងពលករខ្មែរដែលកំពុងស្ថិត នៅក្នុងប្រទេសថៃ។ លោក ប៉ែន កុសល្យ ក៏បានលើកឡើងបន្តផងដែរថា ក្នុងអំឡុងពេលស្ថាន ភាពដ៏លំបាកនៃការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩នេះ ក៏មានមេខ្យល់នាំពលករឆ្លងដែន សូមឲ្យអាជ្ញាធរថៃបន្តពង្រឹង និងសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងស្វែងរកមេខ្យល់ទាំងខាងខ្មែរ និងខាងថៃមកដាក់ទោសតាមច្បាប់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ស្របពេលវិបត្តិជំងឺកូវីដ១៩ បានរីករាលដាលជាសកល ពលករខ្មែរបានឆ្លងដែនមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ៧៥.៨៤៦ នាក់ ស្រីចំនួន៣៤.០១៨ នាក់ ពលករក្នុងខេត្តឧត្ដរមានជ័យចំនួន១១.០៧០ នាក់ ពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៣៨២ នាក់ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩ នាក់ ព្យាបាលជាសះស្បើយចំនួន១៦ នាក់។
លោកអភិបាលខេត្ត ក៏បានថ្លែងឲ្យក្រុមការងារឈរ ជើងនៅតាមច្រកព្រំដែន បន្តពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យពួកគេដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ការពារកុំឱ្យមានការចម្លងមេរោគទៅក្រុមគ្រួសារ និងអ្នកដទៃ៕