(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយដោយចាត់តាំងចាត់តាំងមន្ត្រីឱ្យចុះទៅបំពេញបេសកកម្ម ដើម្បីចាប់ឃាត់ បញ្ឈប់ការឈូសឆាយប្តូរ សណ្ឋានដី ចំពោះដីកំពុងមានវិវាទ និងពុំមានការអនុញ្ញាត ស្ថិតនៅស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល ក្រោយមានការប្តឹងពីប្រជាពលរដ្ឋម្ចាស់ដីស្របច្បាប់ និងក្រោយមានសកម្មភាពឈូសឆាយដីខុសច្បាប់ជាបន្តបន្ទាប់។

យោងតាមសេចក្តីសម្រេចរបស់អភិបាលខេត្តកណ្តាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងា ចថ្ងៃនេះ បានបញ្ជាក់ថា ក្រុមការងារដែលត្រូវចុះទៅដោះស្រាយបញ្ហានេះមានចំនួន១៥នាក់ ដឹកនាំដោយលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត អមដោយនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត ប្រធានមន្ទីរដែនដី អភិបាលស្រុកទាំង២ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ក្រុមការងារមានភារកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរពាក់ព័ន្ធ និងមានសិទ្ធិស្នើសុំប្រើប្រាស់មន្ត្រីបន្ថែមក្នុងករណីចាំបាច់។ ក្រោយចប់ភារកិច្ច ត្រូវបូកសរុបលទ្ធផលការងារ និងរាយការណ៍ជូនលោកភ្លាមផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើសុំឲ្យមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីធ្វើការសម្របសម្រួលបញ្ហានេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១កន្លងទៅ អភិបាលខេត្តកណ្តាល ក៏បានប្រាប់ទៅអភិបាលស្រុកកៀនស្វាយ និងអភិបាលស្រុកស្រុកស្អាង ឲ្យធ្វើការហាមឃាត់ ទប់ស្កាត់ ការបោះបង្គោល ការឈូសឆាយផ្លាស់ប្តូរទ្រង់ទ្រាយដីទំនាស់ ឬការសាងសង់ផ្សេងៗ នៅចំណុចដីទំនាស់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកទំាំង២ផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ជូនថា ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងពិនិត្យសិក្សា ស្រាវជ្រាវ និងដោះស្រាយករណីទំនាស់ដីធ្លី ពាក់ព័ន្ធនឹងចំណុចដីវិវាទជាមួយឈ្មោះ ឈាង ប៉ាក់សួរ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។ ស្ថិតក្នុងអំឡុងពេល ក្រុមការងារកំពុងពិនិត្យ សិក្សា អង្កេតស្រាវជ្រាវ ដើម្បីឈានទៅដល់ការ
ដោះស្រាយបញ្ចប់ទំនាស់ និងដើម្បីកុំឱ្យបង្កភាពស្មុគ្រស្មាញ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីដែល ពាក់ព័ន្ធនៅក្នុងទំនាស់ដីនេះ រដ្ឋបាលខេត្ត ស្នើ លោកអភិបាលស្រុក ត្រូវហាមឃាត់និងទប់ស្កាត់ការបោះ
បង្គោលព្រំដីទំនាស់ ការឈូសឆាយផ្លាស់ប្តូររូបរាងសណ្ឋានដីទំនាស់ ឬការសាងសង់ផ្សេងក្នុងចំណុចដីទំនាស់ខាងលើ។

ទន្ទឹមនេះ អាជ្ញាធរភូមិ ឃុំ ស្រុក មិនត្រូវចុះហត្ថលេខាណាមួយលើឯកសារទិញលក់ដី និងឯកសារ ពាក់ព័ន្ធផ្សេងៗ ដែលនាំឱ្យមានការលំបាក និងស្មុគ្រស្មាញដល់ក្រុមការងារចំពោះកិច្ចរដ្ឋបាលខេត្ត ដោយត្រូវ រង់ចាំការដោះស្រាយ រួចរាល់សិន។ ទោះមានលិខិតណែនាំពីអភិបាលខេត្តកណ្តាលក៏ដោយ តែសកម្មភាពឈូសឆាយដីខុសច្បាប់នៅតែកើតឡើងដដែល ដូច្នេះហើយទើបប្រជាពលរដ្ឋបានប្តឹងតវ៉ាទៅលោកផ្ទាល់ រហូតមានការបង្កើតក្រុមការងារចុះស្រាយ នៅពេលនេះតែម្តង។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ បានដាក់កំហិតឱ្យពលរដ្ឋមួយក្រុម ត្រូវបញ្ឈប់សកម្មភាពចូលទន្ទ្រានកាន់កាប់ដី នៅលើទីតាំងដែលមានបណ្ណកម្មសិទ្ធិនៅស្រុកកៀនស្វាយ និងស្រុកស្អាងជាបន្ទាន់ ដោយតម្រូវឱ្យដកបង្គោលព្រំដី និងរុះរើផ្ទះ និងសំណង់នានា ឱ្យបានមុនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋនៅឃុំបន្ទាយដែក ឃុំសំរោងធំ ឃុំគគីរ ស្រុកកៀនស្វាយ និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋបាលខេត្តបានទទួលបណ្ដឹងជាច្រើន និងរបាយការណ៍របស់រដ្ឋបាលស្រុកកៀនស្វាយ ដែលបានលើកឡើងអំពីការចូលទន្ទ្រានកាន់កាប់ដីបែបអណាធិបតេយ្យ ដោយមានការបោះបង្គោលព្រំដី និងសាងសង់ផ្ទះ នៅលើទីតាំងដីដែលមានបណ្ណកម្មសិទ្ធិរួចហើយ តាមរយៈលិខិតលេខ ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

រដ្ឋបាលខេត្តកណ្តាល បានចាត់ទុកថា ទង្វើនេះ ជាការរំលោភបំពានទៅលើកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលត្រូវចាត់វិធានការដោះស្រាយជាចាំបាច់៕