(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៣គ្រួសារ នៅទីតាំងចំនួន ៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។
លោក សុខ លូ បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កឱ្យមានការរបើកដំបូល និងបង្កឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិតព្រមទាំងរងរបួស ជាច្រើននាក់ បង្កដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។
លោកបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះទាន់ពេលវេលា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តវិធានការ «៣ការពារ និង៣កុំ និង ២ចូលរួម» ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសារណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ខ្សែចម្លង កុំឱ្យជំងឺកូវីដ១៩ ដែលជាឃាតកគ្មានស្រមោលដ៏កាចសាហាវនេះ ឆ្លងចូលគ្រួសារ និងសហគមន៍យើង។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១៖៤០នាទីថ្ងៃទី០២ មិថុនា ២០២១ បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និងរបួស០៣នាក់ រលំរបើកដំបូលក្បឿង ដំបូលសង្កសី ផ្ទះប្រជាពលរដ្ឋចំនួន ៧៣គ្រួសារ ក្នុងនោះស្រុកប្រាសាទសំបូរ ១៤គ្រួសារ និងស្រុកកំពង់ស្វាយ ចំនួន ៥៩គ្រួសារ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៧៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឆ្នាំង ១គូរ ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត ២ តង់កៅស៊ូចំនួន១ និងថវិកាចំនួន ២០០,០០០រៀល៕