(ក្រចេះ)៖ យោងតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលក្រចេះ អនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្ស ចុះជួយឃុំហាន់ជ័យ បានអញ្ជើញចុះផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណៈកម្មាធិការកណ្ដាល ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់សមាជិកគណបក្សឃុំ ជាង ៣០នាក់។
ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំហាន់ជ័យ លោកស្រី ធីម ដានី សមាជិកាក្រុមប្រឹក្សាខេត្តក្រចេះ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំហាន់ជ័យ រួមទាំងក្រុមការងារថ្នាក់ខេត្តមួយចំនួនទៀត។
បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបការងារប្រចាំខែរបស់គណបក្សឃុំ និងការអានសេចក្ដីសម្រេចរបស់គណៈកម្មាធិការកណ្ដាល ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងក្រមសីលធម៌ លោកស្រី ស៊ុន សាភឿន បានណែនាំ និងផ្ដាំផ្ញើឱ្យសមាជិកបក្សឃុំ ត្រៀមលក្ខណៈចាប់ផ្ដើរៀបចំការងារពីពេលនេះទៅនូវចំណុចសំខាន់ៗមាននៅក្នុងផែនការរួមរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដើម្បីរកយុទ្ធសាស្ត្រសំដៅយកប្រៀបឈ្នះក្នុងការបោះឆ្នោតខាងមុខ។
នាឱកាសនោះដែរ លោកស្រីក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩។
ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយនេះ លោកស្រី ស៊ុន សាភឿន បានចែកវត្ថុអនុស្សាវរីយ៍ដល់សមាជិកបក្ស ដែលបានមកចូលរួម ម្នាក់ៗ ទទួលបានក្រម៉ា ១ និងថវិកាមួយចំនួនផងដែរ៕