(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ រួមនឹងថ្នាក់ដឹកនាំ នៃវរសេនាតូចចំណុះទាំង៤ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់និងសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។

ការកោតបែបនេះ របស់ឧត្តមសេនីយ៍ ស្រី ឌឹក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសម្រេចបានខែ ឧសភា និងដាក់ចេញបន្តទិសដៅការងារយោធាសម្រាប់ខែ មិថុនា ឆ្នាំ ២០២១ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នាព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង និងប្រតិភូអមដំណើរមួយចំនួន ស្ថិតក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមនឹងមេបញ្ជាការ មេបញ្ជាការរង មកពីបណ្តាវរសេនាតូចទាំង ៤ចំណុះកងពលផងដែរ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា ដោយបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូល របស់ខ្លួនមានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាជន។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា សមិទ្ធផល និងស្នាដៃដែលយើងទាំងអស់គ្នាប្រឹងប្រែងសម្រេចបាននេះ កើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ការចូលរួមអនុវត្តតួនាទីភារកិច្ច របស់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងកងពលតូចអន្តរាគមន៍លេខ៧ និងការជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្ររបស់ស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព។

មេបញ្ជាការរង កងទ័ពជើងគោករូបនេះ បានសំណូមពរដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធពលខេមរភូមិន្ទ។ ត្រូវយកកត្តាអត្តនោម័ត និងក្សត្យានុម័តមកអនុវត្ត ហើយកុំធ្វើអ្វីដោយអត្តនោម័ត មិនស្តាប់ហេតុផល ត្រូវយកមតិក្សត្យានុម័ត នៃការរួមមតិ និងសមត្ថភាពដឹកនាំ ដោយឈរលើស្មារតីសាមគ្គីឯកភាពគ្នា កុំឱ្យមានការបែកបាក់ផ្ទៃក្នុង ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរបន្ថែមជូនជាតិ មាតុភូមិ និងប្រជាជន៕