(ភ្នំពេញ)៖ ក្រោយគេទំលាយចេញនូវខ្សែអាត់សំលេងនិយាយសាសងស្នេហា ពាក់ព័ន្ធទៅនឹងអំពើផិតក្បត់ជាមួយស្រីក្មេងច្រើននាក់ ដែលគេអះអាងថា ជាសំលេងរបស់លោក កឹម សុខា រួចមកនោះ មានអ្នកវិភាគ អ្នកនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានមួយចំនួនដែលគេដឹងថា មាននិន្នាការលំអៀងទៅរកបក្សប្រឆាំងបាននាំគ្នាវិភាគ នាំគ្នាបញ្ចេញមតិទស្សនៈ ដោយលើកឡើងថា សំលេងខ្សែអាត់នោះ ទោះជាសំលេងរបស់លោក កឹម សុខា មែន ឬមិនមែន ក៏គេមិនគួរលើកយកមកផ្សព្វផ្សាយជាសាធារណៈនោះដែរ ព្រោះវាគ្រាន់តែជារឿងឯកជនរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។
ការយល់ឃើញពីមតិមួយចំនួនខាងលើនេះ ត្រូវបានទាត់ចោលដោយមតិមួយចំនួនទៀត ព្រោះតែគេយល់ឃើញថា ករណីនេះថ្វីត្បិតតែជារឿងបុគ្គលជារឿងឯកជនរបស់មនុស្សម្នាក់ៗក៏ពិតមែន តែសំរាប់ករណីលោក កឹម សុខា ក៏ដូចជាមនុស្សមួយចំនួនទៀត វាជារឿងដោយឡែក និងពិសេស។
លោក កឹម សុខា គឺជាអ្នកនយោបាយជាន់ខ្ពស់ ជាអ្នកតំណាងរាស្ត្រ អតីតជាអនុប្រធានទី១ រដ្ឋសភាអាណត្តិទី៥ និងបេក្ខជនឈរឈ្មោះសម្រាប់ ដឹកនាំប្រទេសទៀតផង ហើយបច្ចុប្បន្នជាប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ និយាយរួមលោកត្រូវបានគេចាត់ទុកថា ជាបុគ្គលសាធារណៈដ៏ល្បាញល្បីមួយរូប។
ដូច្នេះប្រសិនបើជាបុគ្គលសាធារណៈ ហើយក៏ជាអ្នកនយោបាយជាន់ខ្ពស់មួយរូបថែមទៀតនោះ បែរជាមានសីលធម៏ សុជីវធម៏ការរស់នៅមិនល្អ មានស្រីញីក្រៅផ្ទះ ដើរលេងពាលាអាវ៉ាសែ មិនគិតការងារជាតិជាធំរវល់តែជាមួយស្រី ហើយថ្ងៃក្រោយបានកាន់ការងារជាតិធំៗ ឬក៏ដឹកនាំប្រទេសទៀតនោះ តើប្រជាពលរដ្ឋអាចជឿទុកចិត្តថា បុគ្គនេះអាចដឹកនាំប្រទេសជាតិ និងស្ថាប័នសំខាន់ៗរបស់ជាតិឈានទៅរកផ្លូវល្អបានដែរឬអត់?
ម្យ៉ាងទៀត នៅពេលមេដឹកនាំមួយរបស់ប្រទេសយើង មានរឿងអាស្រូវផ្លូវភេទយ៉ាងខ្លាំង, ហើយនៅពេលទៅចូលរួមកិច្ចប្រជុំធំៗខ្នាតពិភពលោក ឬកិច្ចប្រជុំកំពូលអាស៊ាន ដល់ពេលនោះគេគ្រាន់តែលើកឡើង និងផ្សព្វផ្សាយថា ជាមេដឹកនាំដែលពាក់ព័ន្ធរឿងអាស្រូវស្រីញីក្រៅផ្ទះ ឬជាមេដឹកនាំដែលរវល់តែជាមួយស្រី, តើនោះមុខមាត់ប្រទេសជាតិយើងទៅជាយ៉ាងណាវិញ។ សូមបងប្អូនប្រជាពលរដ្ឋដកឃ្លាគិតលើចំណុចអវិជ្ជមាននេះផង។
លោក កឹម សុខា ជាអ្នកតំណាងរាស្ត្រ ជាប្រធានស្ដីទីគណបក្សប្រឆាំង មិនមែនជាពូសុខលក់ទឹកត្នោតជូរ នៅចុងភូមិ ឬពូសៅរុញរទេះលតឆា លក់នៅមុខវាំងនោះទេ។
ប្រសិនបើ ពូសៅ ឬពូសុខលួចមានស្រីខាងក្រៅក្បត់ប្រពន្ធ ឬគាត់ប្រើសំដីចំអេសចំអាសដាក់អ្នកទិញ យ៉ាងច្រើនអ្នកទិញជេរតប ឬប្ដឹង និងប្រពន្ធគាត់រករឿងមិនឲ្យដេកជិតប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាទៅឈឺក្បាលហាលថ្ងៃ ជាមួយពូសុខ និងពូសៅនោះដែរ តែនេះលោក កឹម សុខា ហើយប្រសិនបើលោក កឹម សុខា ជាអ្នកលក់ទឹកត្នោតជូរ ជាអ្នករុញរទេះលតឆាលក់ ក៏គ្មានអ្នកទៅឈឺក្បាលហាលថ្ងៃដូចគ្នា ទោះជាគេថតបានលោក កឹម សុខា កំពុង«គីគីឡូ»ទៀតក៏ដោយ។
ដូច្នេះសូមបុគ្គលមាត់អត់គម្របជ្រកក្រោម ស្លាកអ្នកវិភាគឯករាជ្យ ឬតាំងខ្លួនជាអ្នកច្បាប់ចេះលើគេទាំងឡាយអើយ មុននឹងវិភាគ គួរតែគ្រលាស់អណ្ដាត ឲ្យបាន១០០ជុំសិន មុននឹងចោទគេ ក៏គួរមើលពីកំហុសខ្លួនឯងផង ហើយជាពិសេសប្រព័ន្ធផ្សព្វផ្សាយគឺ មានភារកិច្ចចាំបាច់ត្រូវផ្សាយនូវអ្វីដែលអាច ធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងមុខមាត់ប្រទេសជាតិ ព្រមទាំងដើម្បីទប់ស្កាត់កុំឲ្យដល់ពេលកើតឡើងហើយទើបថា មិនជួយប្រាប់គ្នាផង៕