(ស្វាយរៀង)៖ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានប្រគល់សម្ភារបរិក្ខារពេទ្យចំាបាច់មួយចំនួន ចូលរួមជួយដល់វិស័យសុខាភិបាលនៅក្រុងបាវិត សម្រាប់ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលកំពុងបង្កក្តីព្រួយបារម្ភ និងផ្ទុះការឆ្លងជំងឺកូវីដ-១៩យ៉ាងខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនីរោងចក្រ នៅក្រុងបាវិត។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានការចូលរួមពី លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តស្វាយរៀង តំណាង លោក ម៉ែន វិបុល អភិបាលនៃគណ: អភិបាលខេត្តស្វាយរៀង, លោក សាឡា អ៉ីសា, លោក ANTHONY Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំនៅកម្ពុជា និង ភរិយា, លោក លឹម សៀងហេង អភិបាលក្រុងបាវិត មន្រ្តីរាជការជុំវិញក្រុងបាវិត និងសប្បុរសជនដទៃទៀត។
សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកំដៅ, ម៉ាស៊ីនបាញ់សម្លាប់មេរោគ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែល ថ្នាំផ្តាសាយទីហ្វី និងអង្ករ ដែលមានវិស័យឯកជន និងសប្បុរសជនទាំង០៩បានចូលរួម ដូចខាងក្រោម៖
*ទី១៖ លោក Salah Essa
*ទី២៖ តំបន់សេដ្ឋកិច្ចពិសេស Manhattan Special Economic Zone & Medtecs Group
*ទី៣៖ កញ្ញា Narumon Rinruangsin (Modern IMP&EXP Co.,LTD)
*ទី៤៖ ក្រុមហ៊ុន ACMCERT INDOCHINA (Cambodia) Co.,LTD,
*ទី៥៖ លោក ANTHONY Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំនៅកម្ពុជា
*ទី៦៖ លោក Khun Darith
*ទី៧៖ លោកស្រី ប្រាក់ ច័ន្ទបុផា និងក្រុមគ្រួសារ
*ទី៨៖ លោក ANDREW TAY
*ទី៩៖ លោកស្រី អ៊ី សុដារីយ៍ និងក្រុមគ្រួសារ។
លោក ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្រោមការសម្របសម្រួលរបស់លោក, លោក សាឡា អេអ៊ីសា បានកៀរគរនូវធនធានមួយចំនួនពីអ្នកវិនិយោគិន និងសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចូលរួមដល់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាការងារទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ដែលលើកនេះ គឺជាលើកទីបីមកហើយតាមរយៈ លោក សាឡា អ៊ីសា។
លោកបានបន្តទៀតថា ក្រុមធុរកិច្ចបរទេស និងសប្បុរសជនទាំងអស់ បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាកន្លែងធ្វើការរបស់ខ្លួន ព្រមទាំងបានបង្ហាញនូវកម្លាំងសាមគ្គីជាមួយប្រជាពលរដ្ឋកម្ពុជា និងតែងតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈ និងគាំទ្រចំពោះការដឹកនាំដ៏ប៉ិនប្រសព្ធរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលអំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទឹកចិត្តសាមគ្គីគ្នា ក្នុងការចូលរួមចំណែកពីសំណាក់ក្រុមធុរកិច្ចទាំងអស់ និងសប្បុរសជននានា សំដៅឱ្យដំណើរការងារចាក់វ៉ាក់សំាង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្ដទៅដោយជោគជ័យ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសចំពោះអ្នកវិនិយោគិន និងសប្បុរជននានា ដែលមិនត្រឹមតែបានមកបណ្តាក់ទុករកស៊ីជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងបង្កើតឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសណ្ដានចិត្ដមេត្តាធម៌ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ៕