(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារប្រឡាយអូរខ្សាច់ដែលមានប្រវែងប្រមាណ ១៧គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាម៉ោក ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤ និងនៅមុខព្រលានយន្តហោះភ្នំពេញ។
ការស្ដារប្រឡាយបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្ម ផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដល់ស្ថានីយ៍បូមទឹកលូប្រាំ ក្នុងពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្តារព្រែកអូរខ្សាច់នេះ មានប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលប្រវែង ២,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង ១៤,៧៥០ម៉ែត្រ ដោយចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាម៉ោកតែម្ដង។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា ប្រឡាយអូរខ្សាច់ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺ អមតាមផ្លូវជាតិលេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួល ប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាម៉ោកតែម្ដង ដែលធ្វើឲ្យកាត់បន្ថយនូវបរិមាណទឹកដែលត្រូវហូរចូលរាជធានីភ្នំពេញ ដែលធ្លាប់តែធ្វើឲ្យលិចលង់ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង នាពេលកន្លងមក។
លោក ម៉ៅ ប៊ុនធឿន បានបន្តថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹករាជធានីភ្នំពេញ ចាប់ផ្ដើមការដ្ឋាន កាលពីខែកក្កដា ឆ្នាំ២០២០ ហើយគិតមកដល់ត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានជីកស្តារបានជាង ១៥គីឡូម៉ែត្រហើយ ពោលគឺនៅសល់តែ២គីឡូម៉ែត្រទៀតប៉ុណ្ណោះ គម្រោងនេះនឹងត្រូវបញ្ចប់។
ដោយឡែក ចំពោះប្រឡាយបឹងហា ដែលមានប្រវែង ២,៥៨០ម៉ែត្រ ទទឹង ២៥ម៉ែត្រ ទៅ៣០ម៉ែត្រ ដោយចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្រឡាយបឹងហានេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ។
ជាក់ស្តែងនៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានស្ដារប្រឡាយបឹងហា រួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។ ប្រឡាយបឹងហា ត្រូវបានក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ធ្វើការស្តាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលជាង២ខែ ហើយគិតមកដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ការដ្ឋានទាំងមូលបានបញ្ចប់រួចរាល់១០០ភាគរយផងដែរ៕