(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ទៅកាន់ប្រជាពលរដ្ឋថា យ័ន្តដ៏ស័ក្តិសិទ្ធិ ដែលអាចការពារកូវីដ១៩ ពិសេសគឺការពារអាយុជីវិតទៀតនោះ គឺ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា។
ការថ្លែងទៅកាន់ពលរដ្ឋខាងលើ ធ្វើឡើងក្នុងពិធីនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋកំពុងជួបការលំបាក ១៤២គ្រួសារ ដែលរស់នៅក្នុងសង្កាត់និរោធ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តនិរោធរង្សី។
លោក ចេង មុនីរ៉ា បានក្រើនរំលឹកជាបន្តបន្ទាប់ទៅដល់ពលរដ្ឋទាំងអស់ បន្តបង្កើននូវការប្រុងប្រយ័ត្នជានិច្ច និងចូលរួមគោរពឲ្យបានខ្ជាប់ខ្ជួនបំផុត នូវវិធានសុខាភិបាលទាំងឡាយកន្លងមកដែលក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានដាក់ចេញឲ្យពលរដ្ឋទាំងអស់នៅទូទាំងប្រទេសចូលរួមប្រតិបត្តិគោរព ក្នុងការការពារមិនឲ្យមានការរីករាលដាលនូវជម្ងឺកូវីដ១៩ ខណះដែលបច្ចុប្បន្នជំងឺនេះ នៅបន្តកំពុងរាតល្បាតជាខ្លាំងនៅឡើយ ដោយពុំទាន់មានតួលេខថមថយ។
លោកអភិបាលខណ្ឌ បានណែនាំដល់ពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភឲ្យសោះ ទោះក្នុងកាលះទេសះណា ក៏អាជ្ញាធរតែងតែជាមួយបងប្អូនជានិច្ច ពិសេសនោះគឺសម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមប្រកបដោយ គតិបណ្ឌិតឈ្លៀសវៃ ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋក្នុងប្រទេសជានិច្ច មិនថាក្នុងកាលះទេសះបែបណា ជួបនូវបញ្ហាតូចធំបែបណាឡើយ គឺសម្តេចតែងតែនៅនៅគៀកបង្កើយ ដើម្បីចាំគិតគូរ ចាំជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋជានិច្ច។
ដូច្នេះសូមបងប្អូនពលរដ្ឋ កុំស្តាប់តាមការញ៉ុះញ៉ុង របស់ជនអគតិមួយក្តាប់តូច ដែលមិនបានចូលរួមចំណែកអ្វីបន្តិចសោះ ក្នុងការគិតគូរជាមួយសង្គមជាតិ ពិសេសមិនបានជួយអ្វីដល់បងប្អូនទាំងអស់គ្នា ក្នុងការដែលបងប្អូន ជួបទុក្ខលំបាក ជាក់ស្តែងដូចក្នុងកាលៈទេសៈនេះ គឺមានតែអាជ្ញាធរ ដែលជាសេនារីយោរបស់ប្រមុខថ្នាក់ដឹកនាំ តែងនៅគៀកជាប់ នឹងជួយដោះស្រាយ ជួយផ្គត់ផ្គត់នូវស្បៀងអាហារជាបន្តបន្ទាប់ ក្នុងគ្រាដែលបងប្អូនកំពុងជួបនូវការ ដោយមិនទុកអោយបងប្អូនពលរដ្ឋនៅ ឯកោ នោះឡើយ។
លោកអភិបាលខណ្ឌ បញ្ជាក់ថា «អ្វីដែលបងប្អូនត្រូវចងចាំមិនអាចភ្លេចបាននោះ គឺ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ដែលជាយ័ន្តស័ក្តសិទ្ធិបំផុត ការពារដល់អាយុជីវិតរបស់បងប្អូនទាំងអស់គ្នា។ ខ្លឹមសាររបស់ ៣ការពារ៣កុំ មាន ៖ ត្រូវពាក់ម៉ាស់ជានិច្ច , បាញ់អាល់កុលអោយបានទៀងទាត់ និងរក្សាគម្លាតសុវត្ថិភាព។ ដោយឡែក៣កុំ គឺបងប្អូនសូមកុំចេញពីផ្ទះបើមិនចាំបាច់, សូមកុំជួបជុំក្នុងចំនួនមនុស្សច្រើន និងសូមកុំទៅកាន់ទីកន្លែងដែលប្រមូលផ្តុំទៅដោយមនុស្ស»។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីចែកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅខាងលើនេះ ពលរដ្ឋទាំង១៤២គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានឃីត១ឈុត ដែលមាន មី៦កញ្ចប់, ទឹកត្រី៣ដប, ទឹកស៉ីអ៉ីវ៣ដប, ត្រីខ៤កំប៉ុង, ម៉ាស់២០ម៉ាស, អាល់កុល ឬជែល០១ដប រួមជាមួយថវិកា ២ម៉ឺនរៀលផងដែរ៕