(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានផ្ញើលិខិតថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងញាតិមិត្តជិតឆ្ងាយ ដែលផ្តល់កិត្តិយសចូលរួមពិធីបុណ្យ និងរំលែកទុក្ខ ចំពោះមរណភាពម្តាយរបស់លោក។
លិខិតរបស់លោក គង់ វិបុល បានលើកឡើងយ៉ាងដូច្នេះថា៖ «តាងនាមឱ្យក្រុមគ្រួសារនៃសពឧបាសិកា នង តាំងអ៉ីម ដែលត្រូវជាមាតាបង្កើត ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលមានសមានចិត្ត និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅឧត្តុង្គឧត្តម អញ្ជើញចូលរួមផ្ទាល់ ឬបានចាត់តំណាងគណៈប្រតិភូ និង/ឬបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះរូបខ្ញុំ ក្នុងពេលដែលឧបាសិកា នង តាំងអ៉ីម អ្នកម្តាយជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ របស់យើងខ្ញុំ បានទទួលមរណភាព កាលពីវេលាម៉ោង ០៦៖០០ នាទីព្រឹក នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ៩១ឆ្នាំដោយជរាពាធ។
វត្តមាន និងសារលិខិតចូលរួមរំលែកទុក្ខនេះ គឺជាការសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ នូវទឹកចិត្តស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅជាទីបំផុត របស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ចំពោះសព និងក្រុមគ្រួសាររបស់យើងខ្ញុំ។
ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាលោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕