(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ សេក ចាន់បូផា ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរអ្នកលក់បន្លែចល័ត រស់នៅភូមិភ្លោះ ឃុំគ្រួស ស្រុកស្វាយជ្រំ ដែលធ្លាប់មកព្យាបាលមន្ទីរសម្រាកព្យាបាលព្រៃឆ្លាក់ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង គិតចាប់ពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ តាមដានសុខភាពជាប្រចាំ និងធ្វើ ចត្តាឡីស័ក។
រដ្ឋបាលខេត្ត សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមរដ្ឋបាលខេត្ត ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕