(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទបញ្ចប់ការអនុវត្តបំរាមគោចរពេលរាត្រី ក៏ដូចជាវិធានការរដ្ឋបាលនានា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបានដាក់ចេញកាលពីខែមេសា កន្លងទៅ។
ការបិទបញ្ចប់នូវវិធានការរដ្ឋបាល ក៏ដូចជាបំរាមគោចរពេលរាត្រីត្រូវបានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការរដ្ឋបាលរួមមានការផ្អាកបំរាមគោចរពេលរាត្រី និងរឹតត្បិតលើការធ្វើសកម្មភាព និងអាជីវកម្មមួយចំនួនដែលប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្ត។
វិធានការរដ្ឋបាលនេះដំបូងឡើយគ្រោងអនុវត្តតែពីរសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែត្រូវបានពន្យារជាបន្តបន្ទាប់រហូតដល់ខែមិថុនា ក្រោយពេលស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តមិនស្រាកស្រាន។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ១៣១នាក់ បានព្យាបាលជាសះស្បើយចំនួន ៦៨នាក់ ស្លាប់២នាក់ និង៦១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕