(កំពង់ស្ពឺ)៖ មន្ត្រីជាន់ខ្ពស់ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ Fresh News ឲ្យដឹងមុននេះបន្តិចថា តំណាងប្រជាពលរដ្ឋទាំង២នាក់ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនពាក់ព័ន្ធនឹងទំនាស់ដីធ្លីនោះ ត្រូវបានធានាឲ្យនៅក្រៅឃុំ និងមានសេរីភាពវិញហើយនៅម៉ោង ១១យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យកូនប្រុស២នាក់ របស់សម្តេចចេញដំណើរបន្ទាន់ទាំងយប់ ដើម្បីដោះស្រាយបញ្ហានេះ។
មន្ត្រីជាន់ខ្ពស់ខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងទៀតថា ការធានាឲ្យនៅក្រៅឃុំរនេះ តំណាងប្រជាពលរដ្ឋទាំង២នាក់ គឺស្ថិតក្រោមការស៊ើបអង្កេត របស់តុលាការដដែល។
តំណាងប្រជាពលរដ្ឋរងគ្រោះ ក្នុងទំនាស់ដីធ្លីទាំង២នាក់ រួមមានឈ្មោះ អ្នកស្រី យូ រ៉ន និងអ្នកស្រី អ៉ិត រុំ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្រោយពេលធ្វើការតវ៉ាក្នុងទំនាស់ដីធ្លី ស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមប្រជាពលរដ្ឋរងគ្រោះ បានចោទអាជ្ញាធរថាបាន ឃុបឃិតគ្នាឈូសឆាយរំលោភ យកដីធ្លីរបស់ពួកគាត់។ ហើយនៅព្រឹកថ្ងៃទី១៤ ខែមីនានេះ ផងដែរ ក្រុមប្រជាពលរដ្ឋទាំងនោះ បានមកជួបជុំគ្នា នៅមុខវិមានរដ្ឋសភាជាតិ ដើម្បីស្វែងរកអន្តរាគមន៍ ឲ្យតុលាការខេត្តកំពង់ស្ពឺ ដោះលែងតំណាង២នាក់របស់ខ្លួន។
ក្រោយពីទទួលដំណឹងនៃការឃុំខ្លួន តំណាងប្រជាជនទាំង២នាក់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកូនប្រុស២នាក់ របស់សម្តេច ធ្វើដំណើរជាបន្ទាន់ ទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺឃុំខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លីនេះ។
សម្តេចតេជោ បានបញ្ជាក់ពីការខកចិត្តខ្លាំងណាស់ ចំពោះតុលាការខេត្តកំពង់ស្ពឺ ដែលចាប់តំណាងប្រជាពលរដ្ឋ២នាក់ឃុំខ្លួន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ សម្តេចបានបញ្ជាទៅកាន់អភិបាលខេត្ត ដើម្បីធ្វើការជាមួយតុលាការទាំងយប់ ដើម្បីសុំធានាឲ្យនៅក្រៅឃុំ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត សម្តេចបានបញ្ជាឲ្យកូនប្រុសទាំង២របស់សម្តេច គឺ លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ។
ក្រៅពីការបញ្ជាកូនប្រុសទាំង២ របស់សម្តេចទៅកាន់ទីនោះ សម្តេចបានសង្កត់ធ្ងន់ថា ប្រសិនបើតុលាការមិនទុកចិត្ត ការសុំធានាឲ្យនៅក្រៅឃុំបានទេ សុំឲ្យតុលាការឃុំកូនប្រុសទាំង២នាក់ របស់សម្តេចជំនួសវិញចុះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «ជាការគួរឱ្យខកចិត្តខ្លាំងណាស់ ដែលតុលាការខេត្តកំពង់ស្ពឺ ចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន ដែលខ្ញុំទើបបានដឹងមុននេះបន្តិច។ ខ្ញុំបានបញ្ជារទៅអភិបាលខេត្ត ឱ្យធ្វើការជាមួយតុលាការទាំងយប់ ដើម្បីសុំធានាឱ្យនៅក្រៅឃុំ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួយប្រជាជនក្នុងរឿងនេះ។ សង្ឃឹមថាព្រះរាជអាជ្ញា និងអនុញ្ញាតិឱ្យប្រជាជនទាំង២នាក់បាននៅក្រៅឃុំ។ ប្រសិនមិនទុកចិត្តសុំអស់លោក ឃុំកូនខ្ញុំទាំង២នាក់ ជំនួសវិញចុះ។ សូមក្រសួងយុត្តិធម៌ ពិនិត្យករណីយនេះបន្ទាន់»៕