(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល និងជម្រាបលា។ ជាមួយនោះ លោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ក៏បានចូលជួបសម្ដែងការគួរសម និងបង្ហាញមុខ នាឱកាសនោះផងដែរ។
ក្នុងកិច្ចសន្ទនា លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ពីរ ក្នុងរយៈពេលដែលលោកបំពេញការងារនៅកម្ពុជា ក្នុងនោះទី១ គឺការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងទី២ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)។
លោកនាយសេនានុព័ន្ធយោធាសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ចាប់តាំងពីលោកបានមកបំពេញការងារដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៧ គឺបរិយាកាសមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពស្និទ្ធស្នាល ប៉ុន្តែកាលពីសប្តាហ៍មុនរូបលោកបានទៅមូលដ្ឋានសមុទ្ររាម ហើយបានឃើញសារព័ត៌មានចុះផ្សាយនៅទំព័រមុខថា កងទ័ពសហរដ្ឋអាមេរិកបានចុះទៅត្រួតពិនិត្យនៅសមុទ្ររាម ដែលធ្វើឲ្យលោកមានអារម្មណ៍ថា ទំនាក់ទំនងកម្ពុជា-អាមេរិក ហាក់ដូចជាមានការប្រែប្រួល។ ប៉ុន្តែលោកវរសេនីយ៍ឯក បានមានសង្ឃឹមថា ទៅថ្ងៃខាងមុខទំនាក់ទំនងរវាកងទ័ពប្រទេសទាំងពីរ នឹងអាចត្រឡប់មកល្អដូចពីពេលមុនវិញ តាមរយៈការបន្តគោរពគ្នាទៅវិញទៅមក ការបន្តអនុវត្តអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការកសាងទំនុកចិត្តគ្នា។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានជាមួយគ្នារយៈពេល ៧១ឆ្នាំមកហើយ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើររហូតមក។
បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានគូសបញ្ជាក់ ពីកិច្ចសហប្រតិបត្តិការរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងការជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេសកកម្មនៅក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ រួមទាំងការជួយហ្វឹកហ្វឺនផ្នែកដោះមីន គ្រាប់មិនទាន់ផ្ទុះ សន្តិសុខលំហរសមុទ្រ ហើយថ្មីៗនេះការជួយឧបត្ថម្ភថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។
ក្រៅពីនោះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីកិច្ចសហការល្អរវាងកងទ័ពប្រទេសទាំងពីរកន្លងមក នៅក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម, ការងារមនុស្សធម៌ ការស្រាវជ្រាវវិទ្យាសាស្ត្រយោធា និងលំហាត់ឆ្មាំអង្គរជាដើម។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានជំនឿយ៉ាងមុតមាំថា ទៅថ្ងៃខាងមុខទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) នៅតែបន្តសហប្រតិបត្តិការល្អជាមួយគ្នា៕