(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ សរុបទុនវិនិយោគប្រមាណជាង ១០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។
២៖ ក្រុមហ៊ុន WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង៕