(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប បានលើកឡើងថា មានកត្តា២ដែលនឹងជួយជំរុញឲ្យវិស័យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ បន្ទាប់ពីទទួលរងឥទ្ធិពលពីជំងឺកូវីដ១៩។
លោក ឆេង គឹមឡុង បានថ្លែងថា និយាយចំពោះសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបិទបញ្ចប់ការបិទខ្ទប់ តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលមកឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការបើកអាជីវកម្មឡើងវិញជាបណ្ដើរៗ ថ្មីនេះអាជីវកម្ម ឬភោជនីដ្ឋានមួយចំនួន ចាប់បើកទាំងស្រុង។ កត្តានេះបានជំរុញឲ្យមានការកើនឡើង ការបញ្ជាទិញទំនិញ និងបានជំរុញកត្តាផលិតកម្មក្នុងស្រុក ព្រមទាំងការនាំចូលទំនិញនៅក្នុងស្រុក។
លោកបានបន្ដថា និយាយជារួមការបញ្ចប់ការបិទខ្ទប់ទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងតំបន់មួយចំនួននេះ ព្រមទាំងការអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញ បានជួយសម្រួលបានធំមែនទែន។ ជាក់ស្ដែងអាជីវកម្មខ្នាតតូច ខ្នាតគ្រួសារ ខ្នាតមធ្យមមួយចំនួន បានចាប់ផ្ដើមដំណើរការឡើងវិញមួយកម្រិត មានន័យថា នេះជាការផ្ដល់ឱកាសដល់ប្រជាជន ដល់អ្នករកស៊ីទាំងអស់ចាប់ផ្ដើមរកចំណូលមកវិញ ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ និងជាការផ្ដល់មូលដ្ឋាន សម្រាប់គាស់កម្រិតកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងកម្រិតទីក្រុង និងថ្នាក់ជាតិ។
លោក ឆេង គឹមឡុង បានបញ្ជាក់បន្ថែមថា លទ្ធភាពនៃការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ អាស្រ័យលើកត្តា២យ៉ាងធំៗរួមមាន៖
១៖ ផ្អែកលើកត្តាថា តើបន្ទាប់ពីបញ្ចប់ការបិទខ្ទប់ តើកាត់បន្ថយការឆ្លងបានកម្រិតណា? មានន័យថា ថ្មីៗនេះមានការថមថយនៃ ការឆ្លងក្នុងសហគមន៍ ប៉ុន្ដែរយៈពេលចុងក្រោយនេះ តួលេខនៃការឆ្លងបានកើនឡើងវិញ។ បើក្រឡែកមើលស្ថានភាពជារួម នៃការឆ្លងនៃជំងឺនេះ ធ្វើឲ្យរាជរដ្ឋាភិបាលពុំមានមូលហេតុណាមួយ ក្នុងការបិទខ្ទប់តំបន់មួយចំនួននោះទេ ព្រោះថាតំបន់មួយចំនួននោះក្នុងអំឡុងពេលបិទខ្ទប់ និងក្រោយពេលបិទក៏ពុំមានការផ្ទុះ និងឆ្លងក្នុងកម្រិតសហគមន៍ខ្លាំងនោះឡើយ ប៉ុន្ដែការឆ្លងកម្រិតសហគមន៍មួយចំនួនទៀត ក្នុងតំបន់ខ្លះពុំទាន់បានថមថយគួរឲ្យកត់សំគាល់ ដែលត្រូវឲ្យរាជរដ្ឋាភិបាលបញ្ចប់តំបន់នោះពី តំបន់លឿងទុំ ឬស្ថិតនៅក្រោមការបិទខ្ទប់។
ការចូលរួមចំណែក ដល់ការស្ដារឡើងវិញនៃសេដ្ឋកិច្ច នៃការបិទនេះឃើញថា តួនាទីក្នុងការចូលរួមចំណែកពី សកម្មភាពវិនិយោគធុរកិច្ចទាំងអស់ ក្រោយរដ្ឋអនុញ្ញាតឲ្យអាជីវកម្មបានដំណើរការនោះ គិតមកដល់ពេលនេះដូចនៅថ្មីៗពេក ប៉ុន្ដែហាក់ដូចមានសកម្មភាពរស់រវើក នៅកម្រិតមួយចំនួនតាមណ្ឌលលក់ទំនិញមួយចំនួន ឬតាមភោគនីយដ្ឋាន។ ចំណែកឯតំបន់ដែលមានសុវត្ថិភាពខ្ពស់ ឃើញមានប្រជាជនដែលស្វែងរកសេវាកម្មនោះ បានប្រកាន់ភ្ជាប់នៅវិធានសុខាភិបាល។
លោកបានបន្ថែមថា ចំណុចទី២ ផ្អែកលើកត្តាការចាក់វ៉ាក់សាំងកូវីដ១៩ ការពន្លឿននៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានចូលរួមមួយចំណែកបន្ថែមទៀត ដល់ការស្ដារ និងជំរុញលទ្ធភាពកម្ពុជា ឲ្យបើកផ្នែកសេដ្ឋកិច្ចមួយចំនួន។ ទន្ទឹមនឹងពេលដែលបណ្ដាប្រទេសក្នុងតំបន់មានថៃ វៀតណាម និងឡាវជាដើម ឬបណ្ដាប្រទេសក្នុងសាកលលោកផ្សេងទៀត ព្រមៗគ្នាបានប្រើរូបមន្ដ២ ស្ដារសេដ្ឋកិច្ចឡើងវិញ ទី១៖ ការចាក់វ៉ាក់សាំងកូវីដ១៩ និងទី២ គឺកម្មវិធីស្ដារសេដ្ឋកិច្ច តាមរយៈការចាក់បញ្ចូលធនធានផ្នែកហិរញ្ញវត្ថុ ផ្ដល់ការគាំពារដល់វិស័យឯកជន និងវិស័យធុរកិច្ចទាំងអស់ឲ្យមានការងើបឡើងវិញ។
លោកបានបន្ថែមថា «ចរន្ដនៃការងើបឡើងវិញ នៃបណ្ដាសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក អាចជាមូលហេតុមួយ ក្នុងការរុញច្រានដំណើរនៃការកើនឡើង នៃសេដ្ឋកិច្ចកម្ពុជា។ ចំណុចទាំង២ខាងលើនេះ ជាចំណុចដែលមានសារៈសំខាន់ ដែលអាចធ្វើឲ្យការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា»៕