(កំពង់ចាម)៖ កូនឈើគ្រញូងប្រមាណ ៧០០ដើម ត្រូវបានយកទៅដាំនៅក្នុងបិរវេណសាលាបឋមសិក្សាអណ្តូងតាអុង និងលើទំនប់បង្ហៀរក្តាក់ នៅក្នុងឃុំក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់បរិស្ថាននៅក្នុងឃុំ។
ពិធីដាំកូនឈើគ្រញូងនៅក្នុងឃុំក្របៅ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី លោក សែម គឹមសាន ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកអភិបាលនៃគណៈបាលស្រុកកងមាស, ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត, រដ្ឋបាលឃុំព្រែក្របៅ, ថ្នាក់ដឹកនាំភូមិ, លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាទាំង៦ និង លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យហ៊ុនសែនព្រែកក្របៅផងដែរ។
ពិធីដាំកូនឈើគ្រញូងនេះត្រូវបានធ្វើឡើងក្រោមបរិយកាសសប្បាយរីករាយ។ អ្នកចូលរួមដាំកូនឈើបង្ហាញក្តីរំពឹងថា ឈើគ្រញូងដែលបានដាំនៅថ្ងៃនេះ នឹងក្លាយទៅជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយក្នុងឃុំក្របៅ។ ជាពិសេសចូលរួមលើកកម្ពស់បរិស្ថានឱ្យបានល្អប្រសើរ៕