(កោះកុង)៖ ប្រជាកសិករប្រកបរបរដាំដើមទុរេន នៅឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង បានសម្ដែងនូវការសប្បាយចិត្តក្រោយពួកគាត់ប្រមូលផលផ្លែទុរេន លក់បានថវិកាជាង ១២មុឺនដុល្លារ គឺបានច្រើនជាងឆ្នាំមុន ព្រមទាំងមានទីផ្សារនាំចេញទៀត បើទោះបីប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ក៏ដោយ។
បើតាមលោក ណុប នូន អាយុ៥០ឆ្នាំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង ឱ្យដឹងថា «ការប្រមូលផលផ្លែទុរេន ឆ្នាំ២០២១នេះ គឺគាត់ប្រមូលផលច្រើន បើធៀបនឹងឆ្នាំ២០២០ ហើយមានទីផ្សារលក់ចេញស្រួលដោយមានឈ្មួញមកទិញដល់ចំការដោយមិនបាច់នឿយហត់បេះ និងទៅរកទីផ្សារដោយខ្លួនឯងនោះទេ»។
លោក ណុប នូន បានបន្តថា «ការប្រមូលផលផ្លែទុរេន របស់គាត់ឆ្នាំនេះ បានថវិកា ១២មុឺនដុល្លារ កើនជាងឆ្នាំមុន ហើយគាត់មានដំណាំចេកបន្ថែមទៀតដោយក្នុងមួយរដូវចេករបស់គាត់គឺលក់ទទួលបានថវិកាចំនួន ៣ពាន់ដុល្លារបន្ថែមទៀត»។
លោកបានបន្តថា មុននឹងទទួលបានផល ក្រុមគ្រួសារគាត់ក៏មានការនឿយហត់ខ្លាំងណាស់ មិនស្រួលនោះទេ ហើយការដាំដុះនេះយើងក៏មានបច្ចេកទេសខ្លះ និងរៀនតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្មផង ជាពិសេសយើងអនុវត្តភាពជាក់ស្តែងផង។
លោកបានបញ្ជាក់ថា «ការប្រមូលផលពីផ្លែទុរេនឆ្នាំនេះ ឃើញថាម្ចាស់ចំការនីមួយៗ ប្រមូលផលបានច្រើនលើសឆ្នាំមុនៗ គ្រប់ចំការ។ ការប្រមូលផលពីផ្លែទុរេន និងដំណាំផ្សេងៗនេះ ហើយដែលធ្វើឱ្យការរស់នៅរបស់ពួកគាត់មានជីវភាពកាន់តែប្រសើរ ផ្លែទុរេននៅស្រុកថ្មបាំង មានឈ្មួញមកពីខេត្តកំពត ទិញយកទៅលក់ និងចែកចាយបន្តនៅលើទីផ្សារផ្សេងៗទៀត»។
បើតាមលោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង បានឱ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកមានសេចក្តីសោមនស្សសប្បាយរីករាយក្រៃលែងដោយមើលឃើញជីវភាពប្រជាពលរដ្ឋក្នុងស្រុកថ្មបាំង ជាមូលដ្ឋានរបស់លោកមានជីវភាពធូរធាក្នុងគ្រួសារនីមួយៗ ដែលបងប្អូនបានទទួលផល្លានុផលពីដំណាំកសិកម្មផ្សេងៗ ហើយមានទីផ្សារទៀតផង ទោះបីប្រទេសជាតិកំពុងជួបបញ្ហាវិបត្តិកូវីដ-១៩ ក៏ដោយ គឺមានឈ្មួញមកទិញដល់ចំការតែម្តងមិនធ្វើឱ្យពួកគាត់ពិបាកទៅរកទីផ្សារខ្លួនឯងឡើយ។
លោកបានបន្ថែមថា បើតាមសេចក្តីរាយការរបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកថ្មបាំង ថាឆ្នាំនេះ ពួកគាត់ប្រមូលផលពីផ្លែទុរេន បានផលច្រើនជាងឆ្នាំមុនៗស្ទើតែទ្វេរដង។
លោកបានបញ្ជាក់ថា ទោះបីគាត់សប្បាយ នឹងការប្រមូលផលដំណាំកសិកម្មយ៉ាងណាក៏ដោយ ក៏ក្រុមការងាររបស់លោកនៅតែបន្ត និងពន្យល់ឱ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះហានិភ័យកូវីដ-១៩ ជាជំងឺឆ្លងសកល ហើយឱ្យបងប្អូនអនុវត្តន៍នូវវិធានការ «៣ការពារ និង៣កុំ» និងស្តាប់តាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច៕