(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីឌីអូ ជាមួយលោកស្រី Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់ភាគីឥណ្ឌាថា កម្ពុជានៅតែមានតម្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយសង្ឃឹមថាឥណ្ឌានឹងបន្តផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម មកកម្ពុជានាពេលដ៏ខ្លីខាងមុខ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ ចំពោះសាធារណរដ្ឋឥណ្ឌា ដែលមានសមត្ថភាព ក្នុងការផលិតវ៉ាក់សាំងជំងឺកូវីដ-១៩ និងនៅតែបន្តរក្សាការសន្យារបស់ខ្លួន ក្នុងកិច្ចសហការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសលោកស្រី Dr. Devyani Khobragade ផ្ទាល់ ដែលកន្លងមកបានខិតខំសហការ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca (Covidshield) ដល់កម្ពុជា។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ក៏បានសំដែងនូវការចូលរួមរំលែកការលំបាក ដែលប្រជាជនឥណ្ឌា កំពុងប្រឈមនាពេលបច្ចុប្បន្ន ដោយសារការ រាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ-១៩ ហើយសង្ឃឹម និងជឿជាក់ថា កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធទប់ស្កាត់នៃការរាតត្បាត នៃជំងឺកូវីដ-១៩ និងក៏ដូចជាក្នុងវិស័យអាទិភាពនានា ទោះស្ថិតក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ និងពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

លោកស្រីឯកអគ្គរដ្ឋទូត Dr. Devyani Khobragade បានសំដែងនូវអំណរគុណចំពោះការចូលរួមរំលែក ការលំបាករបស់លោកអគ្គបណ្ឌិតសភាចារ្យ ជាមួយប្រជាជនឥណ្ឌា និងបានផ្ដល់ដំណឹងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា មានលក្ខណៈប្រសើរជាងមុនជាបណ្ដើរៗហើយ។

ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកបែបនេះ រដ្ឋាភិបាលឥណ្ឌា នៅតែបន្តរក្សាការសន្យារបស់ខ្លួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ លើការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងខិតខំបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការសម្រួលពាណិជ្ជកម្ម ក្រៅប្រទស ការជំរុញការវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យឌីជីថល តាមរយៈយន្តការនានា ដូចជាយន្តការទ្វេភាគី, យន្តការតំបន់ និងយន្តការឥណ្ឌា-អាស៊ាន ជាដើម។

ជាមួយគ្នានេះ, លោកស្រីឯកអគ្គរដ្ឋទូត Dr. Devyani Khobragade បានសំដែងនូវការកោតសរសើរ ចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយក្នុងស្ថានភាពដ៏លំបាកនេះ លោកស្រីឯកអគ្គរដ្ឋទូត មានបំណងចង់ស្វែងយល់អំពីវិធានការណ៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩។

 នៅក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩, អគ្គបណ្ឌិតសភាចារ្យបានលើកឡើងថា កម្ពុជាបានអនុវត្តនូវវិធានការ «រក្សាស្ថេរភាពសង្គម និងរក្សាភាពរស់រាន មានជីវិតផ្នែកសេដ្ឋកិច្ច (Survival Economy)» របស់ប្រជាជន តាមរយៈកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រប្រជាជន ដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តការបិទខ្ទប់។

លើសពីនេះ, រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរអំពីការដាក់ឲ្យអនុវត្តកម្មវិធីប្រហាក់ប្រហែលគ្នានេះ នៅក្នុងអន្តរកាលក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដើម្បីជួយដល់ប្រជាជន ងាយរង់គ្រោះអាចសម្របខ្លួនបានឡើងវិញ ក្នុងបរិបទនៃប្រក្រតីភាពថ្មី។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះសាធារណរដ្ឋឥណ្ឌា ដែលមានបំណងផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងវិស័យឌីជីថល ស្របពេលដែលកម្ពុជា កំពុងមានតម្រូវការ ដោយកម្ពុជាទើបតែបានអនុម័តឯកសារ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និងត្រៀមរៀបចំឲ្យមានគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យឌីជីថលផ្សេងទៀត នាពេលខាងមុខ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញ និងសម្រួលពាណិជ្ជកម្មទ្វេភាគី តាមរយៈខិតខំឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ឥណ្ឌា នាពេលខាងមុខជាដើម៕