(ភ្នំពេញ)៖ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំកម្មវិធីកិច្ចសន្ទនាស្តីពីទំនាក់ទំនងជាប្រពៃណីរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលមានប្រវត្តិតាំងពីប្រមាណ ២០០០ ឆ្នាំមុនមកម្ល៉េះ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រជាជនទាំងពីរកាន់តែមានភាពជិតស្និទ្ធខ្លាំងឡើងៗ។
កិច្ចសន្ទនានេះមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ៨រូប រួមមាន៖ លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេចប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជា លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ លោក ចៅ សាង ទីប្រឹក្សាអមក្រសួងព័ត៌មាន និងជាអគ្គនាយករងវិទ្យុជាតិ FM 96MHz លោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមសហគ្រិនដើម្បីសង្គម លោក គឹម វុទ្ធី អ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត និងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
លោកស្រី ខ្លូត ធីតា បានឧទ្ទេសនាមពីរយៈពេល ២០០០ឆ្នាំ នៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ ជាបងប្អូនល្អ ជាមិត្តល្អ និងជាដៃគូល្អ ហើយតែងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ដែលជាពិសេសទំនាក់ទំនងដ៏ល្អនេះបានក្លាយជាទំនាក់ទំនងដែកថែប នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លើសពីនេះ វឌ្ឍនភាពរបស់ប្រទេសចិនជាកាលានុវត្តភាពរបស់ពិភពលោក។ ប្រទេសចិនតែងតែបន្តធ្វើជាអ្នកកសាងសន្តិភាពជូនពិភពលោក ជាអ្នកចូលរួមរួមចំណែកវឌ្ឍនភាពជូនពិភពលោក និងជាអ្នកការពាររបៀបរៀបរយអន្តរជាតិជារៀងរហូត។ ជាងពេលណាៗទាំងអស់ ដែលចិនបានដើរតួនាទីយ៉ាងសកម្ម និងសំខាន់នៅក្នុងការជួយទ្រទ្រងដល់សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេលដែលអាមេរិកបាននិងកំពុងដាក់ទណ្ឌកម្ម និងបង្កើនឧបសគ្គនានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
លោក កៅ មុយថង បានសង្កត់ធ្ងន់ថា សហគមន៍ជោគវាសនារួម គឺជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន។ វាស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ ដែលមិនអាចបំបែកបានឡើយ ទោះបីស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរក៏ដោយ។ ក្នុងស្មារតីមិនពេញចិត្ត និងក្នុងបំណងរំខានដល់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិននេះ អាមេរិកតែងបានចោទប្រកាន់ជារឿយៗដល់កម្ពុជាដោយយកលេសសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រធានបទមិនសមស្របនានា ដូចជាករណីមូលដ្ឋានទ័ពចិននៅប្រទេសកម្ពុជាជាដើម។ សូម្បីសង្គមរបស់អាមេរិក ក៏កំពុងញ៉ាំញីដោយការរើសអើងពូជសាសន៍ផងដែរ។ ខុសស្រឡះទាំងស្រុងនូវអ្វីដែលអាមេរិកចោទប្រកាន់ ប្រទេសចិនតែងបានឈរនៅខាងមនុស្សធម៌ និងការអភិវឌ្ឍដល់កម្ពុជា ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកិច្ចបង្កើនល្បឿនសេដ្ឋកិច្ចកម្ពុជា។
លោក ពៅ សុខ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងចិន លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល COVID-19 គឺជាគំរូដ៏ល្អលើឆាកអន្តរជាតិ។ ប្រទេសចិនមិនត្រឹមតែបានគ្រប់គ្រងទាំងស្រុងនូវការរីករាលដាលនៃជំងឺរាតត្បាតក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផលិតវ៉ាក់សាំងសម្រាប់ជូនដល់ពិភពលោកផងដែរ។ ការផ្តល់តម្លៃជាអាទិភាពលើអាយុជីវិតរបស់ប្រជាជន គឺជាយន្តការដ៏ត្រឹមត្រូវបំផុតរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយមានប្រទេសចិនជាគំរូដ៏ល្អ ដែលខុសពីអាមេរិកបានស្តុកទុកនូវវ៉ាក់សាំងលើសពីតម្រូវការរបស់ប្រជាជនខ្លួន ហើយក៏មិនមានឆន្ទៈក្នុងការចែករំលែកវ៉ាក់សាំងដល់បណ្តាប្រទេសក្រីក្រជាពិសេស។
លោក ចៅ សាង បានបញ្ជាក់ថា កម្ពុជា និងចិន បានចូលរួមចំណែកយ៉ាងសកម្មបំផុតដើម្បីចែករំលែក និងផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ ហើយបានបង្កើននូវកិច្ចសហប្រត្តិបត្តិការកាន់តែស៊ីជម្រៅលើវិស័យសារព័ត៌មាន ដើម្បីចូលរួមទប់ស្កាត់នូវព័ត៌មានបំផ្លើសការពិត ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាននានារបស់អាមេរិកក្នុងន័យបំផ្លាញដល់ស្ថិរភាព និងសុខសន្តិភាពរបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា និងចិន។ ជាក់ស្តែង នៅក្នុងពេលដែលប្រទេសចិនរងគ្រោះដោយជំងឺ COVID-19 ប្រទេសចិនបានចែករំលែកដោយចំហ និងតម្លាភាពពីស្ថានភាពនៃការរីករាតត្បាតនៃជំងឺ COVID-19 ហើយបានប្រកាសអាសន្នឱ្យពិភពលោកត្រៀមខ្លួន ដើម្បីទប់ស្កាត់ និងបង្ការការរីករាតត្បាតនេះ។
លោក គឹម វុទ្ធី បានថ្លែងថា រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមហិច្ឆតារបស់អាមេរិកក្នុងការរុញច្រានប្រទេសកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម ហើយជាលទ្ធផលប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនាជាច្រើន ដែលបានបន្សល់ទុកដោយសារសង្គ្រាមនេះ ជាពិសេសគ្រាប់បែកចង្កោមរបស់អាមេរិកនៅបន្តសម្លាប់ និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា។
លោក ឈីវ លីម បានគូសបញ្ជាក់ថា ចិនបានចូលរួមផ្តល់នូវវិភាគទានដ៏ច្រើនក្នុងការចូលរួមបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងបានចូលរួមជួយកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា ដែលរស់នៅក្នុងចម្ការមីនទៀតផង។ ជាក់ស្តែង អង្គការ Peaceland ដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិនបាននិងកំពុងចូលរួមជាមួយអាជ្ញាធរមីនកម្ពុជាក្នុងការបោសសម្អាតមីន និងជួយលើកតម្កើងជីវភាពរបស់នៅរបស់ប្រជាជនកម្ពុជាក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាឧទាហរណ៍បញ្ជាក់ស្រាប់។
លោក ទុំប៉ែន វីរៈវិទូ បានថ្លែងថា ជាងពេលណាៗទាំងអស់ដែលទំនាក់ទំនងកម្ពុជា និងចិនក្នុងសម័យតេជោសែន បានក្លាយជាទំនាក់ទំនងខ្ពង់បំផុត ហើយជាទំនាក់ទំនងដែលបានជួយរួមចំណែកលើគ្រប់វិស័យ ជាពិសេសជួយដល់ប្រជាជនកម្ពុជាដែលកំពុងទទួលរងនូវវិបត្តិនានា រួមទាំងវិបត្តិដែលបង្កឡើងដោយជំងឺ COVID-19 និងការកាត់ផ្តាច់ EBA របស់សហភាពអឺរ៉ុប និងទណ្ឌកម្មដោយអយុត្តិធម៌នានាពីសហរដ្ឋអាមេរិក។
លោក ជា មុនីឫទ្ធិ បានថ្លែងថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន គឺជាទ្រព្យសម្បត្តិរួមរបស់ប្រទេសទាំងពីរ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាគ្រប់រូបបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ការរឹតចំណងសាមគ្គីជាមេត្រីភាពនៃមិត្តភាពកម្ពុជា និងចិន ស្ថិតស្ថិរចីរកាល។
ជារួម វាគ្មិនដែលបានចូលរួមនៅក្នុងកិច្ចសន្ទនាបានយល់ស្របគ្នា ប្រទេសចិនសម្រេចបាននូវអច្ឆរិយភាពធំទាំងពីរ គឺសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងសង្គមរក្សាបាននូវស្ថិរភាពរយៈពេលយូរអង្វែង ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនបានចាប់បដិសន្ធិកឡើង ហើយបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកកម្ពស់ពហុភាគីនៅក្នុងសេដ្ឋកិច្ចពិភពលោក និងជាកម្លាំងចលករថ្មីនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព៕