(កណ្ដាល)៖ លោកទន្ដបណ្ឌិត ជុំ សីហា ត្រូវបានគេបង្កើតគណនី Facebook ក្លែងក្លាយដោយប្រើប្រាស់រូបរបស់លោក និងបានធ្វើសកម្មភាពបោកប្រាស់មនុស្សជាច្រើននាក់ផ្សេងទៀត ខណៈដែលលោកមិនដឹងខ្លួនទាល់តែសោះ និងសូមបដិសេធទាំងស្រុងចំពោះសកម្មភាពដែលប្រព្រឹត្តដោយគណនីក្លែងក្លាយទាំងនោះ។
លោក ជុំ សីហា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា គណនី Facebook ក្លែងក្លាយចំនួន១៣ ត្រូវបានគេបង្កើតឡើងដាក់ឈ្មោះផ្សេងៗគ្នា ប៉ុន្តែប្រើប្រាស់រូបលោក ហើយឆាតទៅមនុស្សជាច្រើនក្នុងកលល្បិចបោកប្រាស់លុយកាក់ ខណៈដែលមានមនុស្សជាច្រើន បានចាញ់បោកគណនីក្លែងក្លាយនេះ ដោយកុហកគេថា ខ្លួនជាអ្នករកស៊ីផ្នែកគ្រឿងសង្ហារឹម។
លោកថា តាមការស្រាវជ្រាវទើបដឹងថា គេលួចបង្កើតអាខោនក្លែងក្លាយទាំងនេះ ដំបូងឡើយកាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ហើយបន្តបង្កើត គណនីក្លែងក្លាយជាច្រើនផ្សេងទៀត ដោយរូបលោករកឃើញ គឺមានចំនួន១៣គណនី ខណៈលោកសង្ស័យថា នឹងមានគនណីផ្សេងៗទៀតផងដែរ ក្នុងគោលបំណងទុច្ចរិតដើម្បីបោកប្រាស់លុយកាក់គេ។ បច្ចុប្បន្នគណនីក្លែងក្លាយទាំងនេះ កំពុងបោកប្រាស់ពលរដ្ឋជាច្រើនផ្សេងទៀតទាំងក្នុងស្រុក និងក្រៅស្រុក តួយ៉ាងតាមដំណឹងកំពុងបោកប្រាស់ពលករនៅប្រទេសកូរ៉េជាច្រើននាក់ទៀតផង។
លោកក៏បានស្នើរដល់មិត្តភក្ដិ និងមហាជនទាំងឡាយ សូមកុំជឿគណនីក្លែងក្លាយទាំងឡាយណា ដែលមានដាក់រូបលោក ហើយឆាតទៅក្នុងបំណងផ្សេងៗ ខណៈដែលលោកប្រើប្រាស់អាខោន Facebook តែមួយគត់ គឺឈ្មោះ «Seyha Chum» ដែលមានដាក់រូបលោកនិងភរិយា និងមានលេខទូរស័ព្ទត្រឹមត្រូវ៕