(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានបញ្ជាក់លម្អិតអំពីករណីពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងសុខាបាល បានបញ្ជាក់ថា ហេតុការណ៍ស្លាប់ជាបន្ដបន្ទាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នេះ គឺកើតឡើងដោយសារពួកគាត់បានពិសារស្រា-ស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ ដែលបញ្ជាក់តាមលទ្ធផលមកពីមន្ទីរពិសោធន៍។
ជាមួយគ្នានេះ ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយ ឲ្យផ្អាកអាជីវកម្មស្រា-ស និងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំ ណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិតស្រា មិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។
ដោយហេតុថា ករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនេះ នៅតែបន្តកើតមានជាដដែលៗ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ មានជាអាទិ៍ករណីស្លាប់១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាលពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន១៤នាក់, ករណីស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ដោយសារតែពុលស្រា។
អាស្រ័យហេតុនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅទូទាំងរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការដូចខាងក្រោម ដើម្បីការពារការពុលស្រា ដែលបិតមិនត្រឹមត្រូវ តាមបច្ចេកទេស និងរក្សាជីវិតរបស់ខ្លួន៖
* ចូលរួមកុំពិសាស្រា ដែលបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យជាពិសេសគឺ ពិសាស្រា ស ឬ
ស្រាថ្នាំ ដែលយកមេតាណុលមកលាយនេះតែម្តង ។
* ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រា.ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។
* ចំណែកបងប្អូនអាជ្ញាធរខេត្ត ស្រុកក្រុងខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាងយកសារធាតុ មេតាណុលលាយធ្វើស្រា.ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។
សូមជម្រាបថា ករណីពុលស្រានេះ កើតឡើងក្នុងភូមិសានសរ និងភូមិថ្គោលថំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់រហូតដល់១៣នាក់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ទៀត នៅត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។
យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ប្ដីប្រពន្ធ ដែលជាអ្នកផលិតស្រា-សនេះ រួមមាន៖
*ទី១៖ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ (ប្តី)
*ទី២៖ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់៕