(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ាង ស៊ាវហុង (Wang Xiaohong) អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការរដ្ឋបាល នៃក្រសួងសន្តិសុខសាធារណៈចិន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តផែនការ ការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធ Video Conference។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា-ចិន លើការងារប្រយុទ្ធប្រឆំាងបទល្មើសឧក្រិដ្ឋឆ្លងដែន គឺប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន និងទទួលបានសមិទ្ធផលសំខាន់ៗ នៃការអភិវឌ្ឍសម្រាប់ផែនការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា និងក្រសួងសន្តិសុខសាធារណ:ចិន រយៈពេលពីរឆ្នាំកន្លងមកនេះ គឺបង្កើតបានយន្តការសហប្រតិបត្តិការមួយ គឺការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន ហើយតាមរយៈការិយាល័យនេះ ប្រទេសទាំងពីរបានរួមសហការគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធសកម្មភាពមុខសញ្ញាឧក្រិដ្ឋមួយចំនួន ព្រមទាំងបានធ្វើសកម្មភាពបង្ក្រាប ចាប់ខ្លួនឧក្រិដ្ឋជនទាំងនោះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

រីឯភាគីចិន បានគាំទ្រដល់ប្រតិបត្តិការរបស់នគរបាលកម្ពុជា ដោយបានផ្តល់ជំនួយនូវ មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អនុវត្តវិធានការជំនាញ និងសម្រាប់បម្រើឲ្យការងារសន្តិសុខ សុវត្ថិភាពកិច្ចប្រជុំអាស៊ី-អឺរ៉ុបដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនោះ ភាគីចិនក៏បានជួយគាំទ្រខាងផ្នែកឧបករណ៍ សម្ភារមួយចំនួនពាក់ព័ន្ធនឹងការប្រឆាំងកូវីដ-១៩ ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា អំឡុងពេលពីរឆ្នាំនេះ យើងក៏បានផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមករួមទាំងគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូបច្ចេកទេស ដើម្បីប្រជុំពិភាក្សា សិក្សា ដកស្រង់បទពិសោធន៍អំពីសភាពការណ៍នានា ក្នុងការបង្ក្រាបបទល្មើសឧក្រិដ្ឋ ជាពិសេសបទឧក្រិដ្ឋដែលប្រព្រឹត្តដោយជនជាតិចិន និងរត់គេចពីប្រទេសចិនមកប្រទេសកម្ពុជា។

លោក ឆាយ គឹមខឿន បានបញ្ជាក់ទៀតថា កិច្ចប្រជុំបូកសរុប វាយតម្លៃការអនុវត្តផែនការ ការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បានដំណើរការយ៉ាងរលូនប្រកបដោយទស្សនៈឯកភាពគ្នា ជាពិសេសគឺ ការបន្តប្រសិទ្ធភាព និងតួនាទីរបស់ការិយាល័យសម្របសម្រួល សហប្រតិបត្តិការអនុវត្តច្បាប់ ដែលជាយន្តការបម្រើឲ្យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៃភាគីទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញសកម្មភាពប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ តាមរយៈនៃការផ្លាស់ប្តូរព័ត៌មាន ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ សំដៅលើកកម្ពស់សមត្ថភាពជំនាញដល់មន្ត្រីអនុវត្តច្បាប់ និងការគាំទ្រផ្នែកមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក៕